(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិកចំនួន ០៩ ក្នុងអភិវឌ្ឍន៍យានរ៉ូបូតចុះចតនៅឋានព្រះច័ន្ទ សម្រាប់ទសវត្សរ៍ខាងមុខ (ឆ្នាំ២០២៣)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
NASA នឹងទិញយកចន្លោះទំនេនៅលើយានរ៉ូបូតរបស់ក្រុមហ៊ុនឯកជនទាំងនោះ ដើម្បីដឹកនាំសម្ភារៈនានារបស់ខ្លួនទៅកាន់ផ្ទៃព្រះច័ន្ទ នៅក្នុងបេសកកម្មដែលអាចចាប់ផ្តើមលឿនបំផុតគឺនៅឆ្នាំក្រោយ (ឆ្នាំ២០១៩)។ បើតាមអង្គការ NASA ក្រុមហ៊ុនទាំងនោះ មានសិទ្ធិធ្វើការប្រកួតប្រជែងគ្នាសម្រាប់កិច្ចសន្យាតម្លៃ២.៦ពាន់លានដុល្លារ។
គម្រោងចាប់ដៃគូនេះមានឈ្មោះថា Commercial Lunar Payload Services ឬ CLPS ដែលស្ថិតក្នុងគម្រោងបស់ NASA ក្នុងការបញ្ជូនមនុស្សទៅគោចរជុំវិញព្រះច័ន្ទ ដែលចាប់ផ្តើមពីឆ្នាំ២០២៣ និងនាំយកអវកាសយានិកទៅលើផ្ទៃព្រះច័ន្ទមិនឲ្យលើសពី២០២៩។ អង្គការ NASA បានបញ្ជាក់ទៀតថា បេសកកម្មទាំងអស់នេះនឹងអាចជួយផ្តល់ព័ត៌មានអំពីប្រព័ន្ធរ៉ុក្កែត និងយានអវកាស ដែលខ្លួនកំពុងអភិវឌ្ឍន៍ដើម្បីបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ នៅទសវត្សរ៍បន្ទាប់ខាងមុខនេះ។
គួរជម្រាបថា ក្រុមហ៊ុនទាំង ០៩ ខាងលើរួមមាន Astrobotic, Deep Space Systems, Firefly Aerospace, Intuitive Machines, Lockheed Martin, Mastern Space Systems, Moon Express, Draper និង Orbit Beyond ដែលសុទ្ធតែមានគម្រោងបញ្ជូនយានទៅចុះចតនៅលើផ្ទៃព្រះច័ន្ទ។ ប្រធានអង្គការ NASA បានលើកឡើងថា ទោះបីជាមិនអាចធានាទាំងស្រុងថា បេសកកម្មរបស់ក្រុមហ៊ុនទាំងនេះនឹងទទួលបានជោគជ័យទាំងអស់ក៏ដោយ ពួកវាសុទ្ធតែមានសារៈសំខាន់ស្មើៗគ្នា៕