(ស៉ីដនី)៖ អាកាសធាតុក្ដៅហួតហែង ក្នុងកម្រិតប្រកាសអាសន្នខ្ពស់ បាននិងកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាជន និងករណីភ្លើងឆេះព្រៃនៅតាមតំបន់មួយចំនួននៅក្នុងរដ្ឋ ឃ្វីនស៍ឡេន (Queensland) នៃប្រទេសអូស្រ្ដាលី អស់រយៈពេលជាងមួយសប្ដាហ៍មកហើយ ខណៈអាជ្ញាធរបានព្រមានឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជានិច្ចក្នុងការជម្លៀសខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអូស្ត្រាលី ភ្លើងឆេះព្រៃជាង ២០០ករណី កំពុងបន្តឆាបឆេះនៅទូទាំងរដ្ឋ Queensland ក្នុងនោះមានភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយ ដែលបានបង្ខំឱ្យពួកគេជម្លៀសប្រជាជនទៅរកកន្លែងមានសុវត្ថិភាព ព្រមទាំងភ្លើងឆេះព្រៃធំៗចំនួន ០៧ករណីទៀត កំពុងគំរាមកំហែង និងបង្កឱ្យអាកាសធាតុឡើងក្ដៅរហូតដល់ទៅ ៤៥អង់ស្សាសេ នៅតាមតំបន់ខ្លះ។
គួរបញ្ជាក់ថា ផ្ទះប្រជាជនប្រមាណ ១៥ខ្នង ក៏ត្រូវបានបំផ្លាញផងដែរ រីឯក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ កំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃជាង ២០០កន្លែង ទាំងតូចទាំងធំ។ បន្ថែមពីលើនេះអ្នកពន្លត់អគ្គិភ័យ ១០០នាក់មកពីរដ្ឋ ញូសោតវែលស៍ (New South Wales) ត្រូវបានបញ្ជូនទៅបន្ថែម ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ៕