(អាហ្សង់ទីន)៖ កិច្ចប្រជុំ​កំពូលប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក G20 ក្នុងទីក្រុង ប៊ុយណូសអ៊ែរែស (Buenos Aires) ប្រទេស​អាហ្សង់ទីន​នឹងត្រូវចាប់ផ្ដើមធ្វើ​ឡើង នៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ម៉ោងនៅ​ក្នុងតំបន់) ក្នុងបរិបទ​ដែលមានបញ្ហាធំ​ជាច្រើន រង់ចាំមេដឹកនាំពិភពលោក​នានា​ដោះស្រាយ មានដូចជា​អំពើ​ឃាតកម្មលើ​អ្នកកាសែត ចាម៉ាល់ អាសហូកជី (Jamal Khashoggi) ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននិង​សង្រ្គាម​ពាណិជ្ជកម្ម​រវាងចិន និង​សហរដ្ឋអាមេរិក​ជាដើម។

មេដឹកនាំពិភពលោក​នៃបណ្ដាប្រទេស G20 រួមមានប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងមេដឹកនាំពិភពលោក​ជាច្រើនទៀត នឹងវត្តមាន​នៅក្នុងកិច្ចប្រជុំ​នៅឯប្រទេស អាហ្សង់ទីន។ ប៉ុន្តែមេដឹកនាំ​ដែលនឹងក្លាយជាកំពូល Super Star ដែលរះលើឆាក​នៃកិច្ចប្រជុំ G20 ត្រូវបានគេ​រំពឹងថា គឺជាព្រះអង្គម្ចាស់រាជទាយាទ​​អារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន​សាល់ម៉ាន់ តែម្តង។

* ព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន់ នឹងក្លាយជា Super Star នៅក្នុងកិច្ចប្រជុំ G20!

សំណុំរឿង​ឃាតកម្មលើ​អ្នកកាសែត Washington Post លោក Khashoggi ត្រូវបានគេរំពឹងថា នឹងក្លាយរបៀប​វារៈដ៏សំខាន់​សម្រាប់បណ្ដាមេដឹកនាំ​ទាំងអស់ ដែលកំពុងមាន​ការប្រុងប្រយ័ត្នខ្ពស់​ ក្នុងការញ្ចេញ​ប្រតិកម្មលើព្រះអង្គ​ម្ចាស់ ប៊ិនសាល់ម៉ាន់ ដែល​ត្រូវបានមជ្ឈដ្ឋាន​ខ្លះចោទថា គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែត​រូបនេះ នៅក្នុងទីក្រុង​អ៉ីស្ដង់ប៊ូល ប្រទេសតួកគី​កាលពីថ្ងៃទី០២ ខែតុលា កន្លងទៅ។
ប្រទេសធំៗមួយ​ចំនួនដូចជា ​សហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន និងរុស្ស៊ីជាដើម មិនទាន់បាន​បញ្ចេញអ្វីគួរឱ្យ​កត់សម្គាល់ ជុំវិញសំណុំរឿង​ឃាតកម្មដ៏​រសើបមួយនេះឡើយ ដ្បិតពួកគេខ្លាច​ប៉ះពាល់ដល់​ពាណិជ្ជកម្មប្រេង និងកិច្ចព្រមព្រៀង​ទិញអាវុធ​តម្លៃរាប់ពាន់លានដុល្លារ​ ជាមួយទីក្រុង​រីយ៉ាដ។

ពោលគឺមក​ទល់នឹង​ពេលនេះ មានតែប្រទេសអាល្លឺម៉ង់​តែគត់ដែលបានប្រកាស​ត្រង់ៗថា នឹងបញ្ឈប់ការលក់​អាវុធឱ្យ​អារ៉ាប៊ីសាអូឌីត។ ដូច្នេះ​ហើយក្រខ្សែភ្នែក​ជាច្រើន នឹងផ្ដោតទៅលើ​ព្រះអង្គម្ចាស់ ប៊ិន​សាល់ម៉ាន់ ព្រោះ​គេចង់ដឹងថា តើមេដឹកនាំទាំងអស់​នឹងស្នើឱ្យទ្រង់ ពន្យល់ឱ្យ​ច្បាស់ថា បានបញ្ជាឱ្យគេ​សម្លាប់លោក Khashoggi មែន ឬមិនមែន ឬក៏ទុកកិច្ច​ព្រមព្រៀងពាណិជ្ជម្ម​ជាមួយទីក្រុងរីយ៉ាដ ជារឿងសំខាន់​ជាង។

* ជម្លោះ​រវាងអ៊ុយក្រែន និងរុស្ស៊ី ជាប្រធានបទ​ដែលមិនអាចមើលរំលងដាច់ខាត!

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានប្រកាស​លុបចោល​ជំនួបជាមួយ​ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន យ៉ាងទាន់ហន់​កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែជម្លោះ​រវាងអ៊ុយក្រែន និងរុស្ស៊ី នៅឯតំបន់ដែនសមុទ្រ​គ្រីមៀ មិនទាន់ត្រូវបាន​ដោះស្រាយ​នៅឡើយ។ ចំណែកឯ ក្រុមមេដឹកនាំអឺរ៉ុប​ក៏ត្រូវបានគេរំពឹងដែរថា នឹងលើកយកសំណុំរឿងនេះ​ទៅពិភាក្សាជាមួយ លោក ពូទីន នៅក្នុង​ជំនួបទ្វេភាគី។ តែអ្វីដែល​គេចង់ឃើញនោះគឺ តើមេដឹកនាំអាមេរិក និងអឺរ៉ុប​នឹងប្រតិកម្ម ឬចាត់វិធានការ​បែបណាចំពោះ​រុស្ស៊ី ឱ្យដោះលែង​នាវិក ២៤នាក់ និងទូកបី​គ្រឿងរបស់​អ៊ុយក្រែន​មកវិញ?

* សង្រ្គាម​ពាណិជ្ជកម្ម​រវាងចិន និងសហរដ្ឋអាមេរិកជាជំងឺពិបាកព្យាបាល!

បើតាមការគ្រោង​ទុក​លោក ស៉ី ជិនពីង និង​លោក ដូណាល់ ត្រាំ នឹងត្រូវជួបពិភាក្សា​គ្នានៅក្នុងជំនួប​ទ្វេភាគី នាឱកាស​ចូលរួម​កិច្ចប្រជុំ G20 នៅថ្ងៃសុក្រ ហើយមេដឹកនាំ​ទាំងពីរត្រូវបាន​​គេរំពឹងថា នឹងជជែកគ្នា​ស្វែងរក​ដំណោះស្រាយសង្រ្គាម​ពាណិជ្ជកម្ម បច្ចុប្បន្ន​រវាងមហាយក្ស​ទាំងពីរ។ ប៉ុន្តែ​មុននឹង​ជំនួបនេះ​លោក ត្រាំ បានព្រមាន​ទុកជាមុនថា ទីក្រុងវ៉ាស៊ីនតោន​បានត្រៀមខ្លួន រួចជាស្រេច​ក្នុងការដំឡើងពន្ធបន្ថែម ២៦៧ពាន់លានដុល្លារ ក្នុងករណី​មិនមានដំណោះ​ស្រាយណាមួយ​ទេនោះ៕

ប្រភព៖ CNN (ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨)