(ទ្រីប៉ូលី)៖ យន្តហោះមួយគ្រឿងដែលគេមិនទាន់ស្គាល់ប្រភព បានបើកការវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសលីប៊ី ដោយបានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធ ១០នាក់ និងពុំមានឃើញអ្នករងរបួសនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រភពពីមន្ត្រីយោធាលីប៊ីនៅភាគខាងត្បូងបានប្រាប់ ស៊ីនហួរ ទៀតថា «យន្តហោះមិនស្គាល់ប្រភព ឬអត្តសញ្ញាណ បានធ្វើការវាយប្រហារទៅលើក្បួនរថយន្តចំនួន ០៥គ្រឿង ដែលកំពុងតែចល័តនៅក្នុងក្រុង អាវ៉េណាត (Awenat) នៃតំបន់ ហ្គាត់ (Ghat) ជាប់ព្រំដែនប្រទេសអាល់ហ្សេរី កាលពីថ្ងៃព្រហស្បតិ៍។ រូបភាពបានបង្ហាញថា រថយន្តទាំងអស់បានឆេះខ្ទេចខ្ទីនៅលើវាលខ្សាច់ នៃតំបន់ខាងលើនេះតែម្តង»។
គួរបញ្ជាក់ថា ក្រោយកើតហេតុក្រុមមន្ត្រីលីប៊ីបានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញរថយន្តឆេះខ្ទេចជាច្រើនគ្រឿង និងសាកសពមនុស្សខ្លោចរោលចំនួន ១០នាក់ ដែលលីប៊ីសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធអាល់កៃដា។ យ៉ាងណាក៏ដោយកងទ័ពអាកាសលីប៊ីបានអះអាងថា ខ្លួនមិនបានបើកការវាយប្រហារនេះឡើយ ហើយលីប៊ីបានសង្ស័យថា វាអាចទង្វើរបស់សហរដ្ឋអាមេរិក តាមរយៈការប្រើប្រាស់យន្តហោះដ្រូនពិឃាត ព្រោះក្រុមភេរវករអាល់កៃដា គឺជាសត្រូវធំដែលអាមេរិកំពុងតាមកម្ចាត់ទូទាំងសកលលោក៕