សំណាងល្អ! យន្តហោះដឹកអធិការបតីអាល្លឺម៉ង់ Angela Merkel បង្ខំចិត្តបកត្រឡប់មកវិញទាន់ពេល ក្រោយជួបបញ្ហាបច្ចេកទេស...
30-11-2018 09:44
(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) នឹងខកខានការចូលរួមពិធីបើកកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសអាហ្សង់ទីន បន្ទាប់ពីយន្ដហោះរបស់លោកស្រីមានបញ្ហាបច្ចេកទេស ហើយត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
យន្ដហោះ Airbus A340 របស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលដឹកនាំដំណើរលោកស្រី មឺគែល និងមន្ត្រីប្រតិភូរបស់លោកស្រី ទៅចូលរួមកិច្ចប្រជុំកំពូល G20 បានបង្ខំចិត្តបកក្បាលត្រឡប់ក្រោយ និងចុះចតជាបន្ទាន់នៅឯព្រលានយន្ដហោះ ខូឡូង៉េប៊ន (Cologne-Bonn) វិញកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់) ដោយសារតែបញ្ហាបច្ចេកទេស។
ប៉ុន្តែខាងមន្ត្រីអាល្លឺម៉ង់បានបញ្ជាក់ថា លោកស្រី មឺគែល និងក្រុមប្រតិភូអាល្លឺម៉ង់ នឹងធ្វើដំណើរជាថ្មីទៅកាន់ទីក្រុង ប៊ុយណូសអ៊ែរែស (Buenos Aires នៅព្រឹកថ្ងៃសុក្រនេះ តែដោយសារតែការហោះហើររយៈពេលយូរ លោកស្រីអធិការបតីអាល្លឺម៉ង់នឹងត្រូវខកខាន ការចូលរួមពិធីបើកកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសអាហ្សង់ទីនហើយ។
គួរជម្រាបថា លោកស្រី អាន់ជែឡា មឺគែល នឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ចិន រុស្ស៊ី និងឥណ្ឌា នៅក្នុងជំនួបទ្វេភាគីនាឱកាសចូលរួមកិច្ចប្រជុំ G20 ក្រោយលោកស្រីធ្វើដំណើរទៅដល់ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន នៅល្ងាច ថ្ងៃសុក្រនេះ (ម៉ោងនៅអាហ្សង់ទីន)៕