(វ៉ាស៊ីនតោន)៖ យោធាអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថាខ្លួននឹងដាក់ឲ្យដំណើរការនូវនាវាពិឃាតថ្មីបំផុត ដែលមានបំពាក់មីស៊ីលប្រដេញ ឈ្មោះថា USS Thomas Hudner ក្នុងសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ពិធីដាក់ឲ្យដំណើរការនាវាចម្បាំងខាងលើ ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅឯទីក្រុង Boston នៃរដ្ឋម៉ាសាឈូសេត (Massachusetts) នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ នាវានេះនឹងក្លាយជានាវាពិឃាតប្រភេទ Arleigh Burke-class ទី៦៦ ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅលើទីអាកាស លើដី និងក្រោមផ្ទៃទឹកបានក្នុងពេលតែមួយ។
គួរជម្រាបថា នាវាពិឃាត Thomas Hudner បានយកឈ្មោះតាមអតីតអាកាសយានិកនៃទ័ពជើងទឹកអាមេរិកម្នាក់ ដែលមានឈ្មោះពេញថា Thomas J. Hudner Jr. ដែលទទួលបានមេដាយក៏ខ្ពង់ខ្ពស់ Medal of Honor ពីអតីតប្រធានាធិបតីអាមេរិក លោក Harry S. Truman កាលពីឆ្នាំ១៩៥១។ លោក Hudner បានទទួលមរណភាពកាលពីឆ្នាំ២០១៧ ក្នុងវ័យ៩៣ឆ្នាំ៕