(បរទេស)៖ ការវាយប្រយុទ្ធគ្នាអស់រយៈពេលជាង ៤ឆ្នាំកន្លះមកនេះ នៅឯតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន បានផ្ដាច់ជីវិតមនុស្សច្រើនជាង ១០,០០០នាក់ ហើយវាបានបណ្ដាលឱ្យសេដ្ឋកិច្ចអ៊ុយក្រែនរងការខូចខាតយ៉ាងដំណំ ខណៈរុស្ស៊ីត្រូវជាប់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងសន្ធាប់ ពីសំណាក់បណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក។ ប៉ុន្តែបច្ចុប្បន្នជម្លោះដោយប្រយោលរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានមជ្ឈដ្ឋានខ្លះយល់ថា អាចផ្ទុះឡើងជាសង្រ្គាមដោយបើកចំហ បន្ទាប់ពីទូកជាច្រើន គ្រឿងរបស់ប្រទេសទាំងពីរប៉ះទង្គិចគ្នា នៅឯដែនសមុទ្រនៃឧបទ្វីបគ្រីមៀ។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន រុស្ស៊ីបានរឹបអូសទូកអ៊ុយក្រែនចំនួន ០៣គ្រឿង និងឃុំខ្លួននាវិកចំនួន ២៤នាក់ ដោយចោទថាពួកគេបានចូលក្នុងដែនទឹករបស់រុស្ស៊ីដោយខុសច្បាប់ នៅឯច្រកសមុទ្រ Kerch ដែលតភ្ជាប់សមុទ្រ Azov ជាមួយសមុទ្រខ្មៅនៃតំបន់ឧបទ្វីបគ្រីមៀ។ ចំណែកឯជាការឆ្លើយតបប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានប្រកាសដាក់យោធាឱ្យស្ថិតនៅក្នុងស្ថាន ភាពប្រុងជើងការខ្ពស់ ជាមួយការដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករយៈពេល ៣០ថ្ងៃ និងព្រមានថា សង្រ្គាមទ្រង់ទ្រាយធំជាមួយទីក្រុងម៉ូស្គូ អាចនឹងផ្ទុះឡើង បើមានការឈ្លានពីណាមួយពីសំណាក់រុស្ស៊ី។
* ដើមរឿងនៃជម្លោះកាលពីពេលថ្មីៗនេះ
ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងការដណ្ដើមគ្រប់គ្រងសមុទ្រ Azov Sea និងច្រកសមុទ្រ Kerch ដែលតភ្ជាប់ផ្លូវទឹកដ៏សំខាន់ទៅកាន់សមុទ្រខ្មៅ មិនមែនជារឿងថ្មីថ្មោងនោះទេ។ ពោលគឺវាបានផ្ទុះឡើងតាំងតែពីឆ្នាំ២០០៣ ជាឆ្នាំដែលលោក ពូទីន ជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៉ីជាលើកដំបូងមកម្ល៉េះ តែវាបានធូរស្រាលឡើងវិញក្នុងឆ្នាំដដែល ក្រោយមានកិច្ចព្រមព្រៀងទ្វេភាគីមួយដែលចែងថា ប្រទេសទាំងពីរអាចប្រើច្រកសមុទ្រ Kerch និង Azov សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម និងត្រូវជូនដំណឹង គ្នាជាមុនក្នុងករណីមានការបញ្ជូន នាវាយោធាណាមួយនៅក្នុងតំបន់។
ប៉ុន្តែភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី ចេះតែកើនឡើងជាលំដាប់ក្នុងឆ្នាំ២០១៨នេះ បានចាប់ផ្ដើមបិទច្រកសមុទ្រ Kerch និង Azov រារាំងដល់ការធ្វើចរាចរណ៍របស់កប៉ាល់ធំៗ ចូលទៅកាន់កំពង់ផែ Mariupol និង Berdyansk របស់អ៊ុយក្រែន តាមរយៈការកប៉ាល់ដឹកប្រេងដ៏ធំមួយ ដាក់នៅពីក្រោមស្ពានដែលជាច្រកចូលតែមួយគត់។ ចំណែកឯរុស្ស៊ីក៏បានចោទប្រកាន់វិញដែរថា អ៊ុយក្រែនបានរំលោភបំពានលើវានារុស្ស៊ី ហើយថាការត្រួតពិនិត្យរាល់នាវា ឬកាប៉ាល់អ៊ុយក្រែនគឺជាត្រឹមត្រូវតាមផ្លូវច្បាប់ និងចាំបាច់ត្រូវធ្វើដើម្បីការពារសន្តិសុខសមុទ្រ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងកៀវបានអះអាងថា ការបិទច្រកសមុទ្រ Kerch ពីសំណាក់ទីក្រុងម៉ូស្គូបានធ្វើឱ្យខ្លួនខាតបង់សេដ្ឋកិច្ច ៣០ភាគរយ ស្របពេលការនាំចេញតាមរយៈកំពង់ផែ Mariupol ធ្លាក់ចុះអស់ ៦ភាគរយ ហើយការនាំចេញនៅឯកំពង់ផែ Berdyansk ធ្លាក់ចុះអស់ ១២.៣ភាគរយ។ លើសពីនេះទៅទៀត ទីក្រុងកៀវបានថ្កោលទោសទីក្រុងម៉ូស្គូយ៉ាងខ្លាំង សម្រាប់ការសាងសង់ស្ពានមួយ តភ្ជាប់ពីរុស្ស៊ីទៅកាន់តំបន់គ្រីមៀ ហើយដែលស្ពាននេះទៀតសោតត្រូវបានគេមើលឃើញថា មានកម្ពស់ទាប ពិបាកនឹងឱ្យកប៉ាល់ធំៗខ្លះឆ្លងកាត់ទៀតផង។
* តើមានអ្វីកើតឡើងកាលពីថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា?
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន រុស្ស៊ីបានរឹបអូសទូកអ៊ុយក្រែនចំនួន ០៣គ្រឿង និងឃុំខ្លួននាវិកចំនួន ២៤នាក់ ដោយចោទប្រកាន់ពួកគេថា បានចូលក្នុងដែនទឹក របស់រុស្ស៊ីដោយខុសច្បាប់នៅឯច្រកសមុទ្រ Kerch ដែលតភ្ជាប់សមុទ្រ Azov ជាមួយសមុទ្រខ្មៅ នៃតំបន់ឧបទ្វីបគ្រីមៀ។ តែអ៊ុយក្រែនបានបដិសេធ និងស្នើឱ្យអន្តរជាតិបង្កើនការដាក់សម្ពាធ ព្រមទាំងទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូ។ លើសពីនេះទៅទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ថែមទាំងបានប្រកាសដាក់យោធាឱ្យស្ថិតនៅក្នុងស្ថានភាពប្រុង ជើងការខ្ពស់ ជាមួយការដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករយៈពេល ៣០ថ្ងៃ នៅតាមតំបន់ព្រំដែនជាប់ជាមួយរុស្ស៉ី។
* អ៊ុយក្រែនស្នើឱ្យណាតូបញ្ជូននាវាចម្បាំង មកជួយទប់ទល់នឹងរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានស្នើឱ្យអង្គការណាតូបបញ្ជូននាវាចម្បាំង មកកាន់តំបន់សមុទ្រ Azov ដើម្បីជួយកងកម្លាំងអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៊ី។ លោក Poroshenko បានលើកឡើងនូវសំណើនេះ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ Bild newspaper នៅក្នុងសប្ដាហ៍នេះ។ លើសពីនេះទៅទៀត ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានអះអាងដែរថា អ៊ុយក្រែនមិនអាចទទួលយកបានឡើយ ចំពោះទង្វើឈ្លានពានរបស់រុស្ស៊ី នៅក្នុងតំបន់គ្រីមៀ តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន និងនៅតំបន់សមុទ្រ Azov រីឯអាល្លឺម៉ង់ វិញគួរតែសួរខ្លួនឯងថា តើលោក ពូទីន នឹងធ្វើអ្វីបន្តទៀត បើសិនជាយើងមិនបញ្ឈប់គាត់ទេនោះ។
ប៉ុន្តែព្រមពេលជាមួយគ្នា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទលោក Poroshenko កំពុងប្រើប្រាស់សកម្មភាពបង្ករឿងនៅសមុទ្រ Azov និងច្បាប់អាជ្ញាសឹក ក្នុងចេតនាបង្កើនប្រជាប្រិយភាពរបស់ខ្លួន នៅមុនការបោះឆ្នោតក្នុងប្រទេសអ៊ុយក្រែន នៅឆ្នាំ២០១៩ តែប៉ុណ្ណោះហើយថា រុស្ស៊ីនឹងចាត់វិធានការចំាបាច់នានា ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។
* តើសង្គ្រាមអាចនឹងផ្ទុះឡើងដែរឬទេ រវាងប្រទេសទាំងពីរ?
មជ្ឈដ្ឋានខ្លះយល់ថា ជម្លោះបច្ចុប្បន្នរវាងអ៊ុយក្រែន និងរុស្ស៊ីអាចនឹងបង្កឱ្យសង្រ្គាមអាចនឹងផ្ទុះឡើង។ តែតាមការពិតរុស្ស៉ី និងអ៊ុយក្រែន បានធ្វើសង្រ្គាមដោយប្រយោលជាមួយនឹងគ្នា អស់រយៈពេលជាង ៤ឆ្នាំកន្លះមកហើយ ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះនៅឯភាគខាងកើតប្រទេសអ៊ុយក្រែន។ សង្រ្គាមដោយប្រយោលនេះ កើតមានឡើងរវាងរដ្ឋាភិបាលទីក្រុងកៀវ និងក្រុម ឧទ្ទាមបំបែករដ្ឋគាំទ្រដោយរុស្ស៊ី ដែលបានផ្ដល់អាវុធ និងទីប្រឹក្សាយោធាជួយដល់ក្រុមឧទ្ទាម។ មិនតែប៉ុណ្ណោះ បើទោះជារុស្ស៉ីបដិសេធក៏ដោយ តែសហរដ្ឋអាមេរិកបានចោទត្រង់ៗតែម្ដងថា ក្រុមឧទ្ទាមបំបែករដ្ឋនៅភាគខាងកើតប្រទេសអ៊ុយក្រែន គឺស្ថិតនៅក្រោមការបញ្ជា និងគ្រប់គ្រងដោយផ្ទាល់ពីរុស្ស៊ី។
ទោះជាយ៉ាងនេះក្ដីមជ្ឈដ្ឋានខ្លះទៀតយល់ថា ជម្លោះបច្ចុប្បន្ននឹងមិនអាចឱ្យសង្រ្គាមផ្ទុះឡើងនោះទេ ព្រោះរុស្ស៊ីដឹងយ៉ាងច្បាស់ថា បើវាយប្រហារលើអ៊ុយក្រែន នោះមានន័យស្មើប្រឆាំងដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក អង្គការណាតូ និងអឺរ៉ុបដែល ជាខ្នងបង្អែករបស់អ៊ុយក្រែន។ ម្យ៉ាងវិញទៀត អ្វីដែលទីក្រុងម៉ូស្គូព្រួយបារម្ភ គឺទណ្ឌកម្មសេដ្ឋកិច្ច ពោលគឺបើសង្រ្គាមផ្ទុះអាមេរិក អង្គការណាតូ និងអឺរ៉ុប ក៏ទំនងជានឹងមិនឈរឱបដៃមើលឡើយ ហើយប្រហែលជាមានលេសប្រមូលផ្ដុំកម្លាំងអន្តរជាតិដាក់ ទណ្ឌកម្មរហូតដល់ជាន់សេដ្ឋកិច្ចរុស្ស៉ីឱ្យរាបដល់ដីក៏ថាបាន។
សព្វថ្ងៃសហរដ្ឋអាមេរិកតែងតែអះអាងថា រុស្ស៊ីគឺជាប្រទេសគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ ដូច្នេះចង់ ឬមិនចង់ ក្នុងនាមជាមហាអំណាចពិភពលោកធំមួយដែរ រុស្ស៉ីប្រហែលជានឹងមិនប្រើប្រាស់កម្លាំងយោធាធំដុំណាមួយលើអ៊ុយក្រែននោះទេ ដើម្បីបង្ហាញប្រាប់ ពិភពលោកថា អ្វីដែលអាមេរិកនិយាយគឺជារឿងកុហក។ អាចនិយាយម្យ៉ាងទៀតថា រុស្ស៊ី ណាតូ អឺរ៉ុប និងសហរដ្ឋអាមេរិកសុទ្ធតែមានការញញើតនឹងគ្នាទៅវិញទៅមក ហើយសុទ្ធតែដឹងយ៉ាងច្បាស់ថា ការខូចខាតនឹងមានទំហំធំធេងប៉ុណ្ណា នៅពេលសង្រ្គាមផ្ទុះឡើង ដែលមិនអាចកំណត់ទំហំត្រូវកើត និងពេលវេលាត្រូវបញ្ចប់បានឡើយ។
គួរបញ្ជាក់ថា វិបត្តិរុស្ស៉ី-អ៊ុយក្រែននេះដែរត្រូវបានគេរំពឹងថា នឹងកា្លយជារបៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសអាហ្សង់ទីននៅចុងខែវិច្ឆិកានេះ ជាទីដែលមេដឹកនាំពិភពលោករួមមានទាំង លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន ត្រូវចូលរួមប្រជុំពិភាក្សាពីបញ្ហាពិភពលោក និងសេដ្ឋកិច្ច៕
បកប្រែ និងសម្រួល៖ ម៉ាត់ ណាសាត (CNN ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨)