(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងពីរគ្រឿង ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃពុធសប្ដាហ៍នេះ ដែលជាការធ្វើនាវាចរជាលើកទី ៣ នៅក្នុងឆ្នាំ២០១៨ ខណៈយោធាអាមេរិកកាន់តែបង្កើនវត្តមានរបស់ខ្លួន នៅតំបន់ផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ បើទោះជាមានការជំទាស់ពីចិនជារឿយៗក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើដំណើររបស់នាវាចម្បាំងអាមេរិក ០២គ្រឿង ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺជាការបង្ហាញពីសេរីភាពនៃការធ្វើនាវាចរ និងការបើកចំហរតំបន់ឥណ្ឌូ- ប៉ាស៊ីហ្វិក... ហើយសហរដ្ឋអាមេរិកនឹងបន្តធ្វើការហោះហើរ ធ្វើនាវាចរ ព្រមទាំងធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»។
ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក រិន កូវគាំង (Ren Guoqiang) បាននិយាយថា យោធាចិនបានដឹងយ៉ាងច្បាស់ពីសកម្មភាពយោធា របស់សហរដ្ឋអាមេរិក ហើយថាខ្លួននឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ក៏ដូចជាជម្រុញផងដែរឱ្យទីក្រុងវ៉ាស៉ីនតោន ធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន កុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបង្កអស្ថេរភាពនៅក្នុងតំបន់។
គួរបញ្ជាក់ថា នេះគឺជាលើកទី ៣ ហើយដែលនាវាចម្បាំងអាមេរិក ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលសកម្មភាពដុតកំហឹងចិនក្នុងឆ្នាំ២០១៨ ហើយវាដែលត្រូវបានគេមើលឃើញទៀតថា ក៏ជាចេតនាចង់បង្ហាញពីការគាំទ្រ និងការពារកោះតៃវ៉ាន់ផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ភាពតានតឹងថ្មីនេះបានកើតមានឡើងនៅមុនពេលប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវជួបមុខគ្នានាឱកាសចូលរួមកិច្ចប្រជុំ G20 ក្នុងប្រទេសអាហ្សង់ទីន នៅចុងខែវិច្ឆិកានេះ៕