(វ៉ាស៊ីនតោន)៖ ទីបំផុតវិមានក្រឹមឡាំងនៃទីក្រុងម៉ូស្គូ បានចេញសេចក្តីប្រកាសហើយថា ជំនួបជាថ្មីទៀតរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវធ្វើឡើងនៅក្នុងឱកាស នៃកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗ G-20 នៅក្នុងរដ្ឋធានីប៊ុយណូសអ៊ែរែស នៃប្រទេសអាហ្សង់ទីន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា របៀបវារៈនៃជំនួបជាថ្មីរវាងលោក ពូទីន និងលោក ត្រាំ នាពេលឆាប់ៗខាងមុខនេះ គឺមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះរុស្ស៊ីនៅតែកំពុងទទួលរងទណ្ឌកម្មពីសំណាក់អាមេរិកនៅឡើយ ខណៈបញ្ហាវិវាទរវាងរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងតែកើតឡើង ជុំវិញការចាប់នាវិកទូកអ៊ុយក្រែនជាច្រើននាក់នោះ ពិតណាស់នឹងត្រូវលើកយកមកពិភាក្សារវាងភាគីទាំងពីរ ព្រោះបច្ចុប្បន្ននេះដែលមើលថែទាំសុខទុក្ខអ៊ុយក្រែនខ្លាំងជាងគេ គឺសហរដ្ឋអាមេរិក និងអង្គការណាតូ។
គិតចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងកាលពីខែមករា ឆ្នាំ២០១៧ ដែលប្រធានាធិបតីអាមេរិករូបនេះត្រូវបានគេមើលឃើញថា ជាអ្នកចង់ឲ្យសហរដ្ឋអាមេរិក មានទំនាក់ទំនងល្អឡើងវិញជាមួយរុស្ស៊ីនោះ ហាក់មិនអាចធ្វើអ្វីតាមការចង់បានបែបបុគ្គលនោះឡើយ តួយ៉ាងដូចជាទណ្ឌកម្មដែលបន្សល់ទុកពីអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នៅតែកំពុងអនុវត្តន៍លើរុស្ស៊ីដដែល ហើយទណ្ឌកម្មថ្មីៗទៀតក្នុងរដ្ឋបាលលោក ត្រាំ ក៏ត្រូវបានដាក់ជាបន្តបន្ទាប់ផងដែរទៅលើរុស្ស៊ី ទោះបីជាមេដឹកនាំប្រទេសមហាយក្សយោធាកំពូលៗទាំងពីរនេះ បានជួបពិភាក្សាគ្នាទាំងផ្លូវការ និងមិនផ្លូវការប៉ុន្មានលើមកហើយក៏ដោយ ក៏ហាក់គ្មានភាពវិជ្ជមានអ្វីបានកើតមានឡើងនោះដែរ៕