(ហូជីមិញ)៖ ការកើនឡើងនៃតម្រូវការសម្រាប់ចំណីអាហារ ដែលមានសុត្ថិភាព និងប្រភពច្បាសលាស់ត្រូវគេយល់ឃើញថា កំពុងហុចឱកាសជាច្រើនសន្ធឹកសន្ធាប់ ដល់អ្នកផលិតស្បៀងអាហារ នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារសារព័ត៌មាន Vietnam News នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការយល់ឃើញខាងលើត្រូវបានធ្វើឡើង នៅក្នុងវេទិការអន្តរជាតិរយៈពេល ០២ថ្ងៃរៀបចំឡើងដោយសហគ្រាសហិរញ្ញវត្ថុអន្តជាតិ (IFC) ស្តីពីសុត្ថិភាពស្បៀងអាហារ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ដោយនាឱកាសនោះមានការជជែកពិភាក្សាអំពីមធ្យោយវិនិយោគ ក្នុងការធ្វើឲ្យចំណីអាហារមានសុវត្ថិភាព និងអំពីការបំផុសវប្បធម៌ស្បៀងអាហារមានសុវត្ថិភាព ដែលអាចជួយក្រុមហ៊ុនានា ឲ្យទទួលបានឱកាសអាជីវកម្ម បង្កើតការងារថ្មី ព្រមទាំងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច។
គួរជម្រាបថា នាពេលបច្ចុប្បន្ន ខណៈដែលសេដ្ឋកិច្ចវៀតណាមកំពុងមានសន្ទុះខ្លាំង អតិថិជនកាន់តែមានតម្រូវការច្រើនឡើង ដោយក្នុងនោះអ្នកមានចំណូលធូរធារ កាន់តែយកចិត្តទុកដាក់លើគុណភាព និងប្រភពនៃម្ហូបអាហារដែលពួកគេបរិភោគ។ ដូច្នេះហើយ វាគឺជាឱកាសមាសមួយសម្រាប់អ្នកផលិតស្បៀងអាហារ ក្នុងការផ្គត់ផ្គង់ចំណីអាហារដែលមានសុវត្ថិភាព និងប្រភពច្បាស់លាស់ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន នៅក្នុងប្រទេសវៀតណាម៕