(ម៉ានីល)៖ តុលាការ​ហ្វីលីពីន​នៅថ្ងៃព្រហស្បតិ៍នេះ​ បានសម្រេចផ្ដន្ទាទោសមន្ត្រីប៉ូលិស ០៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ៤០ឆ្នាំ ពីបទសម្លាប់​សិស្សវិទ្យាល័យ​ម្នាក់អាយុ ១៧ឆ្នាំ នៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្មេងប្រុសជា​សិស្សវិទ្យាល័យ​ឈ្មោះ គាន ឡយដ៍ ឌែឡូស សាន់តូស (Kian Lloyd delos Santos) ត្រូវបាន​ប៉ូលិស​ទាំង ០៣នាក់ បាញ់សម្លាប់កាល​ពីខែសីហា ឆ្នាំ២០១៧ នៅឯច្រកផ្លូវដ៏ងងឹត​មួយស្ថិតនៅភាគខាងជើង​ នៃជាយទីក្រុងម៉ានីល។ ក្រោយ​ការបាញ់សម្លាប់នេះ ក្រុមអង្គការសិទ្ធិ​មនុស្សនានា​បានថ្កោលទោស​យ៉ាងខ្លាំង ​ចំពោះ​ការសម្លាប់​មនុស្ស​ក្រៅប្រព័ន្ធតុលាការ​ ដែលត្រូវបានប្រព្រឹត្តឡើងដោយ​មន្ត្រីប៉ូលិស។

ប៉ុន្តែ​នៅពេល​នោះដែរ ប៉ូលិសហ្វីលីពីន​បានអះអាងថា យុវជន​ឈ្មោះ Santos គឺជាអ្នកជួញ​ដូរគ្រឿងញៀន ហើយការ​បាញ់សម្លាប់​រូបគេ គឺគ្រាន់​តែដើម្បីការពារខ្លួន​ប៉ុណ្ណោះ។ ទោះបី​ជាបែបនេះ​ក្រោយការស៊ើប​អង្កេតដោយតុលាការ​កន្លងមក គេបានរក​ឃើញថា អ្វីៗមិនដូច​ទៅនឹងការ​អះអាងរបស់នាយ​ប៉ូលិសទាំងបីរូបនេះ​ឡើយ ទើប​តុលាការសម្រេច​ធ្វើការ​កាត់​សេចក្តី​ដូចខាងលើនេះតែម្តង។

គួរជម្រាបថា សង្រ្គាមគ្រឿងញៀន​​របស់លោក ឌូតឺតេ បានសម្លាប់​ជីវិមនុស្សជិត ៥,០០០នាក់ គិតចាប់តាំងពីឆ្នាំ២០១៦មក ជាឆ្នាំ​ដែលលោកប្រធានាធិបតី ឌូតឺតេ សន្យាថា​នឹងមិនអនុញ្ញាតឱ្យ​ប៉ូលិសណាម្នាក់​ ត្រូវជាប់គុកដោយសារ​តែបាញ់សម្លាប់ ឧក្រិដ្ឋជនគ្រឿនញៀន​នោះទេ។ តែទោះយ៉ាង​នេះក្ដី បន្ទាប់ពីការប្រកាស​សាលក្រម​ផ្តន្ទាទោស​​ប៉ូលិសទាំង ០៣នាក់ខាងលើ អ្នកនាំពាក្យលោក ឌូតឺតេ គឺលោក សាលវ៉ាដ័រ ផានែឡូ (Salvador Panelo) បែរជា​និយាយថា ប៉ូលិសទាំង ០៣នាក់ ចេតនាសម្លាប់​មនុស្សទៅវិញ ហើយនេះគឺជា​ទង្វើដែលលោក​ប្រធានាធិបតី​ មិនអាចអត់​ឱនឱ្យបានជា​ដាច់ខាត៕