(ម៉ិចស៊ីកូ)៖ កូនប្រសារ​ប្រុសប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ គឺលោក ហ្សារ៉េដ គូស្នឺ (Jared Kushner) ត្រូវបានគេរាយការណ៍ថា នឹងទទួលបាន​ពានរង្វាន់ស្នាដៃកិត្តិយស​ពីប្រទេសម៉ិចស៉ីកូ សម្រាប់ការ​ចូលរួមចំណែកក្នុង​ការស្វែងរកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក និង​កាណាដា ប៉ុន្តែបែរ​ជាបង្កឲ្យសាធារណមតិ​ផ្ទុះកំហឹងឡើង​តែម្តង។ នេះបើ​តាម​ការចេញផ្សាយ​ដោយសារព័ត៌មាន New York Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រសួងការបរទេស​ម៉ិចស៉ីកូ បានប្រកាសប្រគល់​ពានរង្វាន់ Order of the Aztec Eagle ដល់លោក Kushner នៅថ្ងៃអង្គារ​សប្ដាហ៍នេះ​ ប៉ុន្តែ​ក្រោយការប្រកាសនេះភ្លាម ភាពចម្រូងចម្រាស និងកំហឹងបានផ្ទុះ​ឡើងនៅក្នុងចំណោមប្រជាជន​មិចស៉ីកូ ដែលធ្លាប់ រងការឈឺចាប់​ដោយសារ​តែការប្រមាថ​ ពីសំណាក់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ។ លោក ដូណាល់ ត្រាំ ធ្លាប់​បានប្រមាថ និងប្រើ​ពាក្យមិន គួរគប្បីជាច្រើនលើប្រជាជន​ម៉ិចស៉ីកូ តាមរយៈចាត់ទុកប្រជាជនម៉ិចស៊ីកូជា «ពួកឧក្រិដ្ឋជន និងក្រុម​ជួញដូរ​គ្រឿងញៀន» រហូតដល់​បញ្ជាឱ្យអាជ្ញាធរអាមេរិក​ សាងសង់ជញ្ជាំង​ព្រំដែនជាមួយម៉ិច​ស៉ីកូទៀតផង។

គួរបញ្ជាក់ថា ពានរង្វាន់​កិត្តិយស Order of the Aztec Eagle គឺត្រូវផ្ដល់ឱ្យជនបរទេស​ទាំងឡាយណា​ ដែលបាន​ចូលរួម ចំណែករក​ផលប្រយោជន៍ឱ្យប្រទេស​ម៉ិចស៉ីកូ ហើយអ្នកដែល​ធ្លាប់បានទទួលពានរង្វាន់នេះ​ដែរមាន​ដូចជា Queen Elizabeth II, ព្រះមហាក្សត្រ​អេស្ប៉ាញ Philip VI, អតីតមេដឹកនាំ​អាហ្វ្រិកខាងត្បូង លោក Nelson Mandela, លោក Bill Gates និង​លោកស្រី Melinda Gates ជាដើម៕