(ប៉េកាំង)៖ យោងតាម​សេចក្តីរាយការណ៍​ថ្មីមួយ​បានឲ្យដឹងថា ក្រុមអ្នកវិភាគមួយចំនួន និងក្រសួងការពារជាតិ​អាមេរិក បានមើល​ស្រាល​​ចំពោះចំនួន​នាវាមុជទឹក​នុយក្លេអ៊ែរចិន ដែលកំពុងស្ថិតក្រោម​ការផលិត។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៉ី ​Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមការរាយការណ៍​​របស់វែបសាយ​ ស្តីពីវិស័យការពារជាតិ​លើពិភពលោក Defense One រូបភាពនៃ​រោង​ចក្រ​​​កសាងនាវា បូហៃ (Bohai) និងមូលដ្ឋានយោធាជើង​ទឹក ឡុងប៉ូ (Longpo) នៅឯប្រទេសចិន​បានបង្ហាញថា ទីក្រុងប៉េកាំង​កំពុង​ផលិត​​​នាវា​មុជទឹកនុយក្លេអ៊ែរ​​ក្នុងចំនួនច្រើនជាង​អ្វី ដែលសហរដ្ឋអាមេរិកធ្លាប់បាន​ដឹងទៅ​ទៀត។ ប៉ុន្តែផ្ទុយទៅវិញ​នាវាមុជទឹក​​​នុយក្លេ​អ៊ែរចិន ដែលកំពុងធ្វើ​ប្រតិបត្តិការ​គឺមានចំនួនតិចជាង​ការជឿជាក់​របស់​លោក​ខាងលិច។

គួរជម្រាបថា ខណៈរបាយការណ៍​​របស់ក្រសួងការពារជាតិ​អាមេរិក បានបង្ហាញថា សព្វថ្ងៃចិន​មាននាវាមុជទឹក​នុយក្លេ​​អ៊ែរ​​ ដែលកំពុងធ្វើប្រតិបត្តិការ​ចំនួនតែ ០៤គ្រឿងនោះ វែបសាយ Defense One បានអះអាងថា តាមពិតមានតែ​០២​គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញផ្សេងទៀតបានអះអាងថា វាជារឿងមើលងាយចិនសុទ្ធសាធ ហើយអ្វី​ដែលជាអាថ៌កំបាំងពីក្រោយរឿងនេះ គឺពិតជានឹងលាតត្រដាងក្នុងពេលឆាប់ៗ៕