​(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ ធ្លាប់បានស្នើអតីតនាយករដ្ឋមន្ត្រី​អ៉ីរ៉ាក់​លោក ហេដឺ អាល់អាបាឌី (Haider al-Abadi) ដល់ទៅពីរលើក​ឱ្យសងប្រេងមក​សហរដ្ឋអាមេរិក ជាសំណង​សម្រាប់ការឈ្លានពានរបស់​សហរដ្ឋអាមេរិក​ ក្នុងការផ្ដួលរំលំរបបដឹកនាំ លោក សាដដាម ហ៊ូស្សេន (Saddam Hussein) កាលពីឆ្នាំ២០០៣។ នេះបើ​តាមគេហទំព័រអាស៊ីយ៉ូស (Axios) ដកស្រង់​ដោយសារព័ត៌មាន អង់គ្លេស Independent នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាម​គេហទំព័រ​ព័ត៌មាន Axios លោក ដូណាល់ ត្រាំ បានលើកឡើងនូវសំណើ​ដ៏គួរឱ្យអស់សំណើច​នេះ នៅក្នុងជំនួប​ជាមួយ​លោក Haider al-Abadi កាលពី​ខែមីនា ឆ្នាំ២០១៧។ Axios ផ្អែកលើប្រភព​ដែលខ្លួនទទួលបាន​ ពីប្រភពមន្ត្រី​អាមេរិក​ដឹងពីជំនួបនេះ បានបញ្ជាក់​ទៀតថា សំណើរបស់​លោក ត្រាំ ក៏បានធ្វើឱ្យ​អតីតនាយករដ្ឋមន្ត្រី​អ៉ីរ៉ាក់រូបនេះ​ភ្ញាក់ផ្អើល​ជាខ្លាំងផងដែរ រហូតដល់ចោទ​សួរទៅវិញថា​ តើលោក ត្រាំ ចង់មានន័យយ៉ាង​ដូចម្ដេច?

លោក ត្រាំ បានឆ្លើយតប​ទៅនឹងសំណួរនេះ​ដូច្នេះវិញថា «ជាការពិត យើងបានធ្វើរឿងជាច្រើន ហើយបាន​ចំណាយ​លុយអស់ជាង ១ទ្រីលានដុល្លារ​ (ពាន់ពាន់លានដុល្លារ) នៅក្នុងប្រទេស​អ៉ីរ៉ាក់ រីឯមនុស្ស​ជាច្រើនក៏បាននិយាយ​អំពីប្រេងផងដែរ»។ បន្ថែមពី​លើនេះ​បើតាម Axios ក្រោយ​ជំនួបនេះ លោក ត្រាំ បានលើកឡើង​នូវសំណើដដែល​ នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទជា​មួយលោក Abadi កាលពីរដូវ​ក្ដៅកន្លងទៅនេះ។ ប៉ុន្តែទន្ទឹមគ្នា​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) ក៏ត្រូវបានគេរាយការណ៍​ដែរថា បានប្រាប់​លោក ត្រាំ អំពីសំណើខាងលើ​គឺជាទង្វើរំលោភលើច្បាប់​អន្តរជាតិ។

គួររំលឹកថា កាលពីឆ្នាំ២០០៣ ដោយចោទប្រកាន់ថា អ៉ីរ៉ាក់របស់ Saddam Hussein មានអាវុធ​នុយក្លេអ៊ែរ​អតីតប្រធានាធិបតី​អាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស បានបញ្ជាឱ្យកង​ទ័ពអាមេរិកចូលឈ្លានពានអ៉ីរ៉ាក់ ដើម្បីផ្ដួលរំលំរបប Saddam Hussein ស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។ ប៉ុន្តែ​ក្រោយសង្រ្គាមនេះ​បញ្ចប់ គេមិនបានរក​ឃើញថា អ៉ីរ៉ាក់​មានអាវុធនុយក្លេអ៊ែរ​ឡើយ ហើយមកទល់​នឹងពេលនេះ​ប្រជាជនអ៉ីរ៉ាក់នៅតែ​បន្តរស់នៅក្នុងភ្លើង​សង្រ្គាម ខណៈមនុស្ស​រាប់ពាន់​នាក់ត្រូវបានសម្លាប់ និងព្រាត់ប្រាស​គ្រួសារ៕