(ម៉ូស្គូ)៖ កងកម្លាំងយោធារុស្ស៉ីនៃតំបន់ភាគខាងត្បូង បានដឹកនាំការធ្វើសមយុទ្ធយោធាច្រើនជាង៣,០០០លើក ក្នុងឆ្នាំ២០១៨ នេះ ពោលគឺច្រើនជាង២ដងបើធៀបទៅនឹងឆ្នំា២០១៧។ នេះបើមេបញ្ជាការលោក Alexander Dvornikov ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
មេបញ្ជាការកងកម្លាំងយោធារុស្ស៉ី នៃតំបន់ភាគខាងត្បូង លោក Alexander Dvornikov បានប្រាប់សារព័ត៌មាននៅក្នុងស្រុក នៅថ្ងៃពុធនេះទៀតថា ការធ្វើសមយុទ្ធយោធាផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកក៏បានកើនឡើងបីដងផងដែរ ខណៈយន្ដហោះ ចម្បាំង និងឧទ្ធម្ភាគចក្រចំនួន៦០០០គ្រឿងបានចូលរួមធ្វើសមយុទ្ធយោធាក្នុងឆ្នាំ២០១៨នេះ។
សូមជម្រាបថា បើតាមលោក Dvornikov ការចែករំលែកបទពិសោធន៍ និងអាវុធទំនើបៗសម្រាប់កងកម្លាំងយោធាតំបន់ភាគ ខាងត្បូង បានកើនឡើង៦៥ភាគរយ។ កងកម្លាំងយោធាភាគខាងត្បូង គឺជាអង្គភាពយោធាមួយក្នុងចំណោម៥របស់កងទ័ពរុស្ស៊ី និងមានមូលដ្ឋាននៅទីក្រុង Rostov-on-Don៕