(អាហ្រ្វិក)៖ ប្រធានាធិបតីតង់ហ្សានី លោក ចន ម៉ាហ្គូហ្វូលី (John Magufuli បាននិយាយថា លោកពេញចិត្តជំនួយរបស់ចិន ជាជាងជំនួយរបស់បណ្ដាប្រទេសខាងលិច ដោយសារតែវាមិនមានភ្ជាប់លក្ខខណ្ឌស្មុគស្មាញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក John Magufuli ថ្លែងបែបនេះនៅឯពិធីបើកសម្ពោធបណ្ណាល័យ នៃសាកលវិទ្យាមួយក្នុងទីក្រុង ដាអ៊ែសសាឡាអាម (Dar es Salaam) ដែល ចិនបានផ្ដល់ជំនួយសាងសង់ជាង ៤០.៦លានដុល្លារ នៅថ្ងៃអង្គារសប្ដាហ៍នេះ និងចំពេលដែលកំពុងទទួលសម្ពាធពីប្រជាជាតិ អឺរ៉ុបជុំវិញគោលនយោបាយដ៏ចម្រូងចម្រាស់របស់លោក។ លោក Magufuli បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រឿងដែលធ្វើឱ្យខ្ញុំសប្បាយរីករាយនឹងជំនួយរបស់ចិន នោះគឺដោយសារតែវាគ្មានភ្ជាប់ជាមួយលក្ខខណ្ឌស្មុគស្មាញ... បើពួកគេ (ចិន) ថាឱ្យគឺឱ្យ ហើយពួកគេបានជួយយើងជាច្រើន ជាពិសេសគឺក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ»។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃអភិវឌ្ឍដ៏ធំ សម្រាប់ប្រទេសតង់ហ្សានី (ស្ថិតនៅក្នុងតំបន់អាហ្វិ្រកខាងកើត) ជាមួយការផ្ដល់ជំនួយ ៨៨លានដុល្លារជារៀងរាល់ឆ្នាំ។ ប៉ុន្តែ បច្ចុប្បន្នឥទ្ធិពលរបស់ចិននៅអាហ្វ្រិក កាន់តែរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាម រយៈការសន្យាផ្ដល់ជំនួយជាង ៦០ពាន់លានដុល្លារ ជួយដល់ការអភិវឌ្ឍនៅក្នុងតំបន់អាហ្វ្រិក សម្រាប់រយៈពេលបីឆ្នាំ។
ជំនួយរបស់ចិនទាក់បានចិត្តពីបណ្ដាមេដឹកនាំអាហ្វ្រិកជាច្រើន ក្នុងនោះរួមមានទាំងលោក John Magufuli ដែលកំពុងមានទំនាក់ទំនងមិនល្អជាមួយប្រជាជាតិអឺរ៉ុប ជុំវិញគោលនយោបាយលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងការរឹតត្បិតមួយចំនួន លើអង្គការសង្គមស៉ីវិល។ ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ប្រទេសដាណឺម៉ាក បានសម្រេចចិត្តផ្អាកការផ្ដល់ជំនួយដល់ប្រទេសតង់ហ្សានី ៩.៨លានដុល្លារ ដែលជារឿងមិនអាចទទួលយកបាន ពីសំណាក់អ្នកនយោបាយតង់ហ្សានីមួយចំនួន៕