(ស៉ីដនី)៖ ជើងហោះហើរជាច្រើនត្រូវបានលុបចោល រីឯផ្លូវដែក និងផ្លូវថ្នល់មួយចំនួនត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ក្នុងទីក្រុងស៉ីដនី នៅថ្ងៃពុធនេះ។ នេះបើតាមអាជ្ញាធរអូស្រ្ដាលីដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
អាជ្ញាធរអូស្រ្ដាលីបានឱ្យដឹងទៀតថា ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ បានបង្កភាពចលាចលនៅក្នុងទីក្រុងស៉ីដនី ស្របពេលខ្ពស់ទឹកភ្លៀងនៅតាមតំបន់ខ្លះនៃទីក្រុងមួយនេះហក់ឡើងដល់ ៧៣មីលីម៉ែត្រ ក្នុងរយៈពេលតែជាងមួយម៉ោងប៉ុណ្ណោះ។ ប៉ុន្តែបើតាមទម្លាប់ កម្ពស់ទឹកភ្លៀងនៅក្នុងទីក្រុងស៉ីដនីនៅខែវិច្ឆិកានេះ គឺមានកម្រិត ៨៤មីលីម៉ែត្រ។ ដោយឡែកក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីក៏បានរាយការណ៍ដែរថា ប្រជាជនប្រមាណ ៣,៥០០នាក់ កំពុងស្នាក់នៅដោយអត់អគ្គីសនីប្រើប្រាស់ ខណៈជើងហោះហើរជាច្រើនត្រូវបានលុបចោល។
គួរជម្រាបថា បើតាមអាជ្ញាធរឧតុនិយមអូស្រ្តាលី ភ្លៀងធ្លាក់ខ្លាំងអាចនឹងថមថយកម្លាំង តែវាអាចនឹងបន្តធ្លាក់រលឹមៗនៅថ្ងៃពុធនេះ៕