(វ៉ាស៉ីនតោន)៖ រដ្ឋាភិបាលអាមេរិកបានបើកភ្លើងខៀវហើយ ក្នុងការលក់ឧទ្ធម្ភាគចក្រប្រយុទ្ធ AH-64E Apache ចំនួន ១០គ្រឿងមានតម្លៃជាង ១ពាន់លានដុល្លារអាមេរិកឱ្យទៅប្រទេសអេហ្ស៉ីប។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅសេចក្ដីប្រកាសមួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានឱ្យថា ខ្លួនបានយល់ព្រមលក់ឧទ្ធម្ភាគចក្រប្រយុទ្ធ AH-64E Apache ចំនួន ១០គ្រឿងថ្លៃជាង ១ពាន់លានដុល្លារឱ្យអេហ្ស៉ីប។ មិនតែប៉ុណ្ណោះតាមរយៈ ការសម្រេចចិត្តនេះ ទីក្រុងវ៉ាស៉ីនតោនថែមទាំងបានព្រមព្រៀងក្នុងការលក់គ្រាប់បែក M831A1 និង M865 ចំនួន ៤៦,០០០ គ្រាប់ និង APFSDS-T ១០,០០០គ្រាប់ មានតម្លៃ ២០១លានដុល្លារឱ្យអេហ្ស៊ីបទៀតផង។
គួរជម្រាបថា កាលពីដើមឆ្នាំ២០១៨នេះ សហរដ្ឋអាមេរិកបានយល់ព្រមលក់ឧទ្ធម្ភាគចក្រប្រយុទ្ធ AH-64E Apache ចំនួន០៦គ្រឿង ដែលមានបំពាក់អាវុធស្រាប់ និងមានការគំាទ្រផ្នែកបរិក្ខាក្នុងតម្លៃ ៩៣០លានដុល្លារ ឱ្យឥណ្ឌា។ បន្ថែមពីនេះកាលពីពេលថ្មីៗនេះក៏មានសេចក្តីរាយការណ៍ថា ជប៉ុនគ្រោងទិញយន្តហោះចម្បាំង F-35 ចំនួន ១០០គ្រឿងពីអាមេរិក ក្នុងតម្លៃរហូតដល់ ៨.៨ពាន់លានដុល្លារផងដែរ៕