(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រនាថ្ងៃពុធនេះបានវាយប្រហារចំដែនសមុទ្រភាគខាងកើតនៃខេត្ត អូម៉ូរិ (Aomori) ប៉ែកខាងជើងប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងាព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA រញ្ជួយដីខាងលើមានជម្រៅរាក់ខ្លាំង និងបានកើតឡើងវេលាម៉ោង ១១៖២៣នាទីព្រឹក (ម៉ោងក្នុងតំបន់)។ យ៉ាងណាមិញ ពុំមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញធំធេងដែលបង្កឡើងដោយហេតុការណ៍រញ្ជួយដី ក្រោមផ្ទៃសមុទ្រនេះឡើយ។
គួរជម្រាបថា សម្រាប់ក្រុមតាមដានស្ថានភាពរោងចក្រនុយក្លេអ៊ែរជប៉ុនវិញ ក៏ពុំសង្កេតឃើញមានភាពមិនប្រក្រតីណាមួយ នៅតាមរោងចក្រនុយក្លេអ៊ែរនានា ដែលស្ថិតក្នុងតំបន់រងឥទ្ធិពលរញ្ជួយដីនោះដែរ។ ប៉ុន្តែទន្ទឹមនឹងនេះ ទីភ្នាក់ងារ JMA បានបញ្ជាក់ថា អាចនឹងមានការប្រែប្រួលបន្តិចបន្តួចនូវកម្ពស់ទឹកសមុទ្រ នៅតាមតំបន់ឆ្នេរ៕