(ហ្សាការតា)៖ ទិន្នន័យបានមកពីយន្តហោះដឹកអ្នកដំណើរ ដែលធ្លាក់ចូលសមុទ្រជ្វាប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលាកន្លងទៅបានបង្ហាញថា ក្រុមអាកាសយានិកបានពិបាកក្នុងការគ្រប់គ្រងយន្តហោះ គឺអាចថាចាប់តាំងតែពីពេលហោះចេញពីអាកាសយានដ្ឋានម្ល៉េះ ខណៈដែលយន្តហោះ Boeing 737 នោះបានសំយ៉ុងក្បាលចុះក្រោមជាច្រើនលើកច្រើនសា ដោយសារតែប្រព័ន្ធសែនសឺ (Sensor ឬប្រព័ន្ធប្រាប់ទិស) ដែលមានបញ្ហា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទិន្នន័យខាងលើនេះ គឺបានមកពីប្រអប់ខ្មៅផ្ទុកព័ត៌មានហោះហើររបស់យន្តហោះខាងលើ ដែលត្រូវបានចេញផ្សាយក្នុងរបាយការណ៍បឋម ដែលរៀបរៀងឡើងដោយក្រុមភ្នាក់ងារស៊ើបអង្កេត ករណីធ្លាក់យន្តហោះរបស់ឥណ្ឌូណេស៊ី។ យោងតាមខ្លឹមសារនៃរបាយការណ៍នេះ គឺក្រុមអាកាសយានិកបានទាញចង្កូតឲ្យយន្តហោះងើបក្បាលឡើងវិញម្តងហើយម្តងទៀតជាច្រើនលើក ក្នុងអំឡុងពេលហោះហើរប្រមាណ ១១នាទី មុនពេលពួកគេបាត់បង់ម្ចាស់ការទាំងស្រុងលើយន្តហោះជើងហើរ ៦១០ របស់អាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៊ី Lion Air ផ្ទុកមនុស្ស ១៨៩នាក់ ដែលទីបំផុតបានធ្លាក់ចូលក្នុងផ្ទៃសមុទ្រជាមួយល្បឿនជាង ៧២០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរជម្រាបថា ទិន្នន័យរកឃើញនេះ គឺគាំទ្រចំពោះទ្រឹស្តីដែលថា ប្រព័ន្ធកុំព្យូទ័រដែលក្រុមហ៊ុន Boeing បានដំឡើងលើយន្តហោះជំនាន់ក្រោយនៃស៊េរី 737 របស់ខ្លួន ដើម្បីបង្ការកុំឲ្យក្បាលយន្តហោះងើយឡើងខ្ពស់ខ្លាំងពេក ដែលអាចបង្កឲ្យគាំងម៉ាស៊ីននោះ បែរជាបង្ខំឲ្យយន្តហោះដាំក្បាលចុះយ៉ាងគំហុកទៅវិញ ដោយសារទទួលព័ត៌មានខុសពី Sensor ដែលមានបញ្ហា។
ក្រោយករណីធ្លាក់យន្តហោះនេះ អាកាសយានិករបស់ Boeing បាននាំគ្នាបង្ហាញក្តីព្រួយបារម្ភជាខ្លាំងថា ពួកគេមិនត្រូវបានជូនដំណឹងឲ្យពេញលេញអំពីប្រព័ន្ធថ្មីនេះ ដែលគេហៅកាត់ថា M.C.A.S និងអំពីរបៀបដែលតម្រូវឲ្យពួកគេឆ្លើយតបបែបណា ចំពោះករណីបន្ទាន់ស្រដៀងគ្នានេះ៕