(ហ្សាការតា)៖ គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៉ី (KNKT) បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនអាកាសចរណ៍ Lion Air កែលម្អប្រព័ន្ធសុវត្ថិភាពឡើងវិញ បន្ទាប់ពីយន្ដហោះ Boeing 737 ស៊េរីថ្មីចុងក្រោយ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនមួយនេះ បានធ្លាក់ចូលសមុទ្រកាលពីខែតុលាកន្លងទៅ ដោយផ្ដាច់ជីវិតមនុស្សជិះនៅលើនោះទាំងអស់ ១៨៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការផ្ដល់អនុសាសន៍របស់ KNKT ធ្វើឡើងនៅក្នុងរបាយការណ៍មួយ ចេញផ្សាយជាលើកដំបូងបំផុតនៅថ្ងៃពុធនេះ ចាប់តាំងពីគ្រោះថ្នាក់ធ្លាក់យន្ដហោះកាលពីថ្ងៃទី២៩ ខែតុលាមក។ បន្ថែមពីលើនេះ KNKT នៅក្នុងរបាយការណ៍ដដែល ក៏បានជម្រុញឱ្យក្រុមហ៊ុន Lion Air ធានាឱ្យបានថា ពីឡុតគ្រប់រូបរបស់ខ្លូនអាចធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ដើម្បីបន្តការហោះហើរ ឬក៏អត់ផងដែរក្នុងករណីដែលពួកគេគិតថា មានបញ្ហាមិនស្រួលកើតឡើងលើយន្តហោះហើយនោះ។
គួរជម្រាបថា បើតាម KNKT សកម្មភាពកែលម្អសុវត្ថិភាព ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Boeing, Lion Air, រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក និងអគ្គនាយកដ្ឋានអាកាសចរណ៍ស៉ីវិលឥណ្ឌូណេស៉ី ដើម្បីធានាឲ្យបានថា ការដឹកនាំជញ្ជូនផ្លូវអាកាសដោយប្រើប្រាស់យន្តហោះ Boeing ប្រភេទ 737 ស៊េរីថ្មីនេះមានសុវត្ថិភាពពេញលេញ បន្ទាប់ពីកើតមានករណីធ្លាក់យន្តហោះ និងអាកាសចរណ៍មួយចំនួនទៀតបានរាយការណ៍អំពី បានចុះចតជាបន្ទាន់ដោយសារបញ្ហាបច្ចេកទេស បង្កឲ្យអ្នកដំណើរបាត់បង់ទំនុកចិត្តជារួម៕