(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបត្រូវគេរាយការណ៍ថា នឹងប្រាប់សម្ព័ន្ធមិត្តក្នុងអង្គការ NATO អំពីគម្រោងរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការដកខ្លួនចេញពីសន្ធិសញ្ញាទ្វេភាគី ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
មានសេចក្តីរាយការណ៍ថា ប្រធានស្ថាប័នស៊ើបការណ៍ជាតិសម្ងាត់អាមេរិក លោក ដេន ខូតស៍ (Dan Coats) នឹងជួបជាមួយបណ្តាអ្នកតំណាងនៃបណ្តាប្រទេសអឺរ៉ុប នៅក្នុងកិច្ចប្រជុំអង្គការ NATO នាសប្តាហ៍នេះ នៅឯទីក្រុងព្រុចសែល ដើម្បីជជែកអំពីអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ជាការរំលោភរបស់រុស្ស៉ីលើសន្ធិសញ្ញានុយក្លេអ៊ែរ INF ឆ្នាំ១៩៨៧។
គួរជម្រាបថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសចង់ដកខ្លួនចេញពីសន្ធិសញ្ញា INF កាលពីខែតុលា ប៉ុន្តែពុំបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ ដើម្បីចាកចេញជាផ្លូវការឡើយ។ សន្ធិសញ្ញា INF ហាមមិនឲ្យសហរដ្ឋអាមេរិក និងរុស្ស៊ីមានមីស៊ីលផ្លោងប្រភេទបាញ់ចេញពីផ្ទៃដី ដែលមានរយៈចម្ងាយវាយប្រហារពី ៥០០ ទៅ ៥,០០០គីឡូម៉ែត្រ ខណៈអាមេរិកបានចោទរុស្ស៉ីថា បានបំពានលើសន្ធិសញ្ញានេះមុន ទើបបង្ខំឲ្យខ្លួនសម្រេចដើរចេញតែម្តង។
INF ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ ដោយអតីតមេដឹកនាំសូវៀត លោក មីឃែល ហ្គ័របាឆេវ (Mikhail Gorbachev) និងអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ដែលបានព្រមព្រៀងគ្នាកម្ទេចមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់ចោលទាំងអស់ ហើយឈានដល់ការបញ្ចប់ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ កាលពីសម័យសង្រ្គាមត្រជាក់៕