(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក ផេត្រូ ផរ៉ូហ្សេនកូ (Petro Poroshenko) បានព្រមានថា ប្រទេសរបស់កំពុងស្ថិតនៅក្រោមការគំរាមកំហែង នៃសង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី ដែលកំពុងបង្កើនវត្តមានយោធារបស់ខ្លួនកាន់តែច្រើន នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិអ៊ុយក្រែន លោក Poroshenko បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនចង់ឱ្យអ្នកគ្រប់គ្នាគិតថា វាជារឿងលេងសើច និងល្បែងនោះទេ... ដ្បិតពេលនេះអ៊ុយក្រែនកំពុងស្ថិតនៅក្រោមការគំរាមកំហែង ចំពោះមុខនៃសង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី»។
គួររំលឹកថា ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង បន្ទាប់ពីឆ្មាំសមុទ្ររុស្ស៊ីបើកការបាញ់ប្រហារ និងរឹបអូសទូក ០៣គ្រឿង ព្រមទាំងចាប់ខ្លួនក្រុមនាវិកអ៊ុយក្រែន ២៤នាក់ ដោយចោទថា បានចូលក្នុងដែនសមុទ្ររបស់ខ្លួនដោយខុសច្បាប់នៅឯច្រក សមុទ្រ ឃើច (Kerch) ដែលតភ្ជាប់រវាងដែនសមុទ្រ អាហ្សូវ (Azov Sea) ជាមួយសមុទ្រខ្មៅនៃតំបន់ឧបទ្វីបគ្រីមៀ កាលពីថ្ងៃអាទិត្យ។
បន្ថែមពីលើនេះ ដើម្បីដោះស្រាយការប្រឈមមុខនឹងរុស្ស៊ី សភាអ៊ុយក្រែនបានសម្រេចចិត្តប្រកាសប្រើច្បាប់អាជ្ញាសឹករយៈពេល ៣០ថ្ងៃ សម្រាប់តំបន់ព្រំដែនជាប់រុស្ស៊ី ខណៈទីក្រុងម៉ូស្គូព្រមានទីក្រុងកៀវថា នឹងជួបផលវិបាកធ្ងន់ធ្ងរបើមិនព្រមបញ្ឈប់សកម្មភាពបង្ករឿង៕