(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកអាចនឹងលុបចោលជំនួបជាមួយប្រធានាធិបតី រុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាសចូលរួមកិច្ចប្រជុំ G20 នៅឯប្រទេសអាហ្សង់ទីន នៅចុងខែវិច្ឆិកានេះ ក្រោយមានការ ប៉ះទង្គិចគ្នារវាងរុស្ស៊ី និងអ៊ុយក្រែននៅតំបន់សមុទ្រនៃឧបទ្វីបគ្រីមៀ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។​

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់សារព័ត៌មាន Washington Post នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយការ បញ្ជាក់បន្ថែមថាលោកនឹងធ្វើការសម្រេចចិត្តមួយ ក្រោយពិនិត្យរបាយការណ៍ទាំងស្រុង ជុំវិញឆ្មាំសមុទ្ររុស្ស៊ីបើកការបាញ់ ប្រហារ និងរឹបអូសទូកអ៊ុយក្រែនចំនួន៣គ្រឿងនៅឯដែនសមុទ្រនៃឧបទ្វីបគ្រីមៀកាលពីថ្ងៃអាទិត្យ។ លោក​ ត្រាំ បានលើកឡើង ដូច្នេះថា៖ «ខ្ញុំប្រហែលជានឹងមិនមានជំនួបជាមួយប្រធានាធិបតីពូទីនឡើយ...ខ្ញុំមិនចូលចិត្តការឈ្លានពានរបៀបនេះនោះទេ ហើយខ្ញុំមិនចូលចិត្តការឈ្លានពានទាល់តែសោះ»

គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងជួបពិភាក្សាគ្នានាឱកាសចូលរួមកិច្ច ប្រជុំ G20 ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន នៅចុងខែវិច្ឆិកានេះ៕