(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មេបញ្ជាការយោធាអាមេរិកមួយរូប បានឲ្យដឹងនាថ្ងៃចន្ទសប្តាហ៍នេះថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកលែងធ្វើ ការហោះហើរបង្ហាញសាច់ដុំ នៅលើឧបទ្វីបកូរ៉េទៀតហើយ បន្ទាប់ពីកូរ៉េខាងត្បូងបានស្នើសុំឲ្យផ្អាកការធ្វើសកម្មភាពនេះ៕

 

២៖ មានសេចក្តីរាយការណ៍ថា ជប៉ុនកំពុងពិចារណាទិញយន្តហោះចម្បាំងជំនាន់ថ្មី F-35 រហូតដល់ ១០០គ្រឿង ពីសហរដ្ឋអាមេរិកក្នុងតម្លៃជាង៨.៨ពាន់លានដុល្លារ ខណៈដែលទីក្រុងតូក្យូកំពុងព្យាយាមទប់ទល់ការរីកធំឡើងនៃ ឥទ្ធិពលយោធាចិននៅក្នុងតំបន់៕

 

៣៖ នៅមុននេះប៉ុន្មានម៉ោង (ពេលវេលាលើផែនដី) យានរុករកផ្ទៃក្នុងភពអង្គារ InSight របស់អង្គការ NASA បានធ្វើការ ចុះចតដោយជោគជ័យហើយនៅលើផ្ទៃភពព្រះអង្គារ បន្ទាប់ពីការផ្សងគ្រោះថ្នាក់អំឡុងពេលនៃការព្យាយាមចុះចតតែ ៧ ទៅ ១០នាទីប៉ុណ្ណោះ៕

 

៤៖ អង្គការសហប្រជាជាតិ (UN) នាថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសផ្តល់ជំនួយផ្នែកសុខាភិបាល និងអាហារូបត្ថម្ភដែល មានទំហំទឹកប្រាក់ ៩.២លានដុល្លារ សម្រាប់ប្រទេសវេណេស៊ុយអេឡា ដែលប្រជាជនកំពុងជួបប្រទះភាពអត់ឃ្លានព្រមទាំង ជំងឺឈឺថ្កាត់ផ្សេងៗ នៅចំពោះមុខការដួលរលំនៃប្រព័ន្ធសេដ្ឋកិច្ចបែបសង្គមនិយម នៃប្រទេសអាមេរិកឡាទីនមួយនេះ៕

 

៥៖ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យទម្លាក់ថ្លៃប្រេងអារ៉ាប៊ីសាអូឌីតបានបង្កើនការផលិត ប្រេងរបស់ខ្លួនក្នុងខែវិច្ឆិកានេះ ដល់កម្រិតខ្ពស់បំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ត៕

 

៦៖ រដ្ឋាភិបាលទីក្រុងឡុងដ៍បានធ្វើការរិះគន់ ពាក្យសម្តីគំរាមកំហែងរបស់ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលថាប្រសិនបើចក្រភពអង់គ្លេសមិនអនុញ្ញាតឲ្យទូកនេសាទរបស់សហភាពអឺរ៉ុបធ្វើការនេសាទ នៅក្នុងដែនទឹកអង់គ្លេសទេនោះ កិច្ចចរចាបន្តបន្ទាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងចក្រអង់គ្លេស នឹងទទួលបរាជ័យជាក់ជាពុំខាន៕