(ឡុងដ៍)៖ រដ្ឋាភិបាលទីក្រុងឡុងដ៍បានធ្វើការរិះគន់ ពាក្យសម្តីគំរាមកំហែងរបស់ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលថា ប្រសិនបើចក្រភពអង់គ្លេសមិនអនុញ្ញាតឲ្យទូកនេសាទរបស់សហភាពអឺរ៉ុប ធ្វើការនេសាទនៅក្នុងដែនទឹកអង់គ្លេសទេនោះ កិច្ចចរចាបន្តបន្ទាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងចក្រអង់គ្លេស នឹងទទួលបរាជ័យជាក់ជាពុំខាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Guardian នៅយប់ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានចេញមុខរិះគន់ការគំរាមរបស់លោក Macron ថា «ជាការរំលោភលើទំនុកចិត្ត» និងបានឆ្លើយតបវិញថា ទីក្រុងឡុងដ៍អាចនឹងលើកយកបញ្ហានេះ ឡើងដល់អាជ្ញាកណ្តាលដែលឯករាជ្យមួយ។ លោកស្រី May ធ្លាប់បានសន្យាជាដដែលថា ខណៈដែលចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសដីកោះឯករាជ្យមួយនោះទីក្រុងឡុងដ៍នឹងនៅតែត្រូវធ្វើការចរចា ជាមួយសហភាពអឺរ៉ុបជុំវិញការចេញ-ចូលដែនទឹកគ្នាទៅវិញទៅមក។
គួរជម្រាបថា ចក្រភពអង់គ្លេសនឹងត្រូវដកខ្លួនចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ពោលគឺក្នុងរយៈពេលជិត ០៣ឆ្នាំ ក្រោយប្រជាជនអង់គ្លេសក្នុងសំឡេងភាគច្រើន បានសម្រេចជ្រើសរើសយកផ្លូវនេះ តាមរយៈការធ្វើប្រជាមតិ នៅអំឡុងឆ្នាំ២០១៦។ ទោះបីជាបែបនេះក្តី សហភាពអឺរ៉ុបក៏ធ្លាប់បានសំណូមពរផងដែរ ឲ្យអង់គ្លេសពន្យារពេលនៃការដកសមាជិកភាពនេះសិន ព្រោះនៅមានបញ្ហាជាច្រើនទៀត ដែលអាចមិនអាចដោះស្រាយទាន់កាលកំណត់ នៅមុនខែមីនា ឆ្នាំ២០១៩ នោះឡើយ៕