(តូក្យូ)៖ មានសេចក្តីរាយការណ៍ថា ជប៉ុនកំពុងពិចារណាទិញយន្តហោះចម្បាំងជំនាន់ថ្មី F-35 រហូតដល់ ១០០គ្រឿង ពីសហរដ្ឋអាមេរិកក្នុងតម្លៃជាង ៨.៨ពាន់លានដុល្លារ ខណៈដែលទីក្រុងតូក្យូ កំពុងព្យាយាមទប់ទល់ការរីកធំឡើងនៃឥទ្ធិពលយោធាចិននៅក្នុងតំបន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
សេចក្តីរាយការណ៍ព័ត៌មាននេះបានលេចឡើង ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែជំរុញឲ្យជប៉ុនជួយទិញបរិក្ខាយោធា ព្រមទាំងសម្ភារៈអាមេរិកដទៃៗទៀត ដោយលើកហេតុផលថា ទីក្រុងវ៉ាស៊ីនតោនមានគម្លាតឱនភាពពាណិជ្ជកម្មធំខ្លាំងជាមួយទីក្រុងតូក្យូ។
ជាមួយគ្នានេះ ទីក្រុងតូក្យូក៏ត្រូវគេរាយការណ៍ផងដែរថា កំពុងពិចារណាកែលម្អឲ្យប្រសើរឡើងនូវ នាវាដឹកឧទ្ធម្ភាគចក្ររបស់ខ្លួនឈ្មោះ អ៊ីហ្ស៊ូមុ (Izumo) ឲ្យទៅជានាវាដឹកយន្តហោះចម្បាំងពេញលេញមួយតែម្តង ដែលជារឿងដ៏ចាំបាច់មួយ នៅចំពោះមុខការបង្កើនឥទ្ធិពលយោធាតាមផ្លូវសមុទ្ររបស់ចិន។
គួរជម្រាបថា នៅក្រោមរដ្ឋធម្មនុញ្ញសន្តិនិយមនាពេលបច្ចុប្បន្ន យោធានៃប្រទេសជប៉ុន ត្រូវបានដាក់កំហិតឲ្យនៅត្រឹមមានសិទ្ធិ តែសម្រាប់ការពារខ្លួនឯងប៉ុណ្ណោះ ហើយជប៉ុនមានការពឹងផ្អែកធំធេងទៅលើសហរដ្ឋអាមេរិក ដោយឈរលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី៕