(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ឪពុកម្ដាយជាជនអន្តោប្រវេសន៍មួយចំនួន នៅឯតំបន់ព្រំដែនជាប់ប្រទេសម៉ិចស៉ីកូ ហើយថាការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍ នោះគឺជារឿងត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងបា្រប់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «...ហេតុអ្វីបានជាឪពុកម្ដាយទាំងនោះ ឱបកូនរត់ចូលតំបន់ដែលមានឧស្ម័នបង្ហូរទឹកភ្នែក ខណៈពួកគេបានដឹងយ៉ាង ច្បាស់ថា ទីនោះមានឧស្ម័នបង្ហូរទឹកភ្នែក... ពួកគេមិនមែនជាឪពុកម្ដាយឡើយ ហើយពួកគេឱបកូននៅក្នុងដៃ ដោយសារតែចង់បានសិទ្ធិពិសេស...»។
ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា «តាមពិតទៅឧស្ម័នបង្ហូរទឹកភ្នែកទាំងនោះ គឺជាប្រភេទឧស្ម័នដែលមានអានុភាពតិចតួចបំផុត ហើយវាមានសុវត្ថិភាពណាស់នៅពេលប្រើ...។ សម្រាប់អ្នកដែលបានរងការឈឺចាប់នោះ គឺជាក្រុមមនុស្សដែលយកខ្លួនពួកគេទៅពាំងពីមុខតែប៉ុណ្ណោះ...»។
គួរជម្រាបថា កាលពីសប្ដាហ៍មុនជនអន្តោប្រវេសន៍មកពីតំបន់អាមេរិកកណ្ដាលជាង ៥,៦០០នាក់ បានធ្វើដំណើរមកដល់ទីក្រុង ធីជួអាណា (Tijuana) ស្របពេលអាជ្ញាធរអាមេរិកបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ដើម្បីទប់ស្កាត់ពួកគេ។
ចំណែកឯការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់ពីក្រុមជនអន្តោប្រវេសន៍មកពីតំបន់ អាមេរិកកណ្ដាលជាង ៥០០នាក់ បានព្យាយាមឆ្លងព្រំដែនពីទីក្រុង Tijuana នៃប្រទេសម៉ិចស៉ីកូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីចូលទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែទន្ទឹមគ្នា ការបះទង្គិចគ្នាបានផ្ទុះ រហូតដល់ឆ្មាំការពារព្រំដែនអាមេរិក ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់សា្កត់ក្រុមបង្កអស្ថិរភាពទាំងនោះ៕