(វ៉ាស៉ីនតោន)៖ ការភ័យខ្លាច និងក្ដីសង្ឃឹមបានរីកសុះសាយព្រមគ្នា នៅលើបណ្ដាញទំនាក់ទំនងសង្គម ក្នុងចំណោមជនអន្តោសប្រវេសន៍ មកពីតំបន់អាមេរិកកណ្ដាល ដែលកំពុងសម្រុកចូលមកកាន់តំបន់ព្រំដែន រវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៉ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ចាប់តាំងពីខែតុលាមក ជនអន្តោប្រវេសន៍ច្រើនជាង ៥,០០០នាក់ មកពីបណ្ដាប្រទេសក្នុងតំបន់អាមេរិកកណ្ដាល ជាពិសេសគឺ អ៊ែលសាលវ៉ាឌ័រ El Salvador បានធ្វើដំណើរក្នុងចំងាយផ្លូវរាប់ពាន់គីឡូម៉ែត្រ ដោយខ្លះដើរ និងអ្នកខ្លះទៀតជិះរថយន្ដក្រុង ដើម្បីធ្វើដំណើរឆ្ពោះមកកាន់សហរដ្ឋអាមេរិក ជាទីដែលពួកគេសង្ឃឹមថា អាចនឹងកសាងជីវិតថ្មីមួយដ៏ប្រសើរជាងនៅប្រទេសកំណើតរបស់ពួកគេ។
ប៉ុន្តែទន្ទឹមគ្នាការជជែកពីបញ្ហានេះមានសកម្មយ៉ាងខ្លាំង នៅលើបណ្ដាញទំនាក់ទំនងសង្គម ហើយក្នុងនោះរហូតដល់មានជនអន្តោប្រវេសន៍ខ្លះបានសម្ដែងក្ដីព្រួយបារម្ភ និងភ័យខ្លាច ហើយខ្លះទៀតក៏បង្ហាញក្ដីសង្ឃឹមព្រមៗគ្នាផងដែរ។ ជាក់ស្ដែងជនអន្តោប្រវេសន៍ម្នាក់មកពីប្រទេស El Salvador បាននិយាយដូច្នេះថា «គោលបំណងរបស់ខ្ញុំ គឺចូលទៅក្នុងសហរដ្ឋអាមេរិក... ដែលធ្វើឱ្យខ្ញុំរួចផុតពីការធ្វើបាបពីក្រុមឧក្រិដ្ឋជន»។
ចំណែកឯជនអន្តោប្រវេសន៍ផ្សេងទៀត ក៏បានសរសេររៀបរាប់ផងដែរថា រូបគេរំពឹងទៅដល់សហរដ្ឋអាមេរិក ព្រោះតែចង់គេចចេញពីក្រុមឧក្រិដ្ឋជន ដែលមិនមែនត្រឹមតែបង្កការភ័យខ្លាចនៅក្នុងប្រទេស El Salvador នោះទេ តែនៅក្នុងតំបន់អាមេរិកកណ្ដាលថែមទៀត។ ការធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក គឺជាក្ដីស្រម៉ៃ និងក្ដីសង្ឃឹមចុងក្រោយ ក្នុងការស្វែងរកអនាគតថ្មី និងជីវិតរស់ នៅប្រកបដោយភាពថ្លៃថ្នូរ។
គួរជម្រាបថា ជុំវិញបញ្ហាអន្តោប្រវេសន៍ដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានជាបន្តបន្ទាប់ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបិទព្រំដែនភាគខាងត្បូងជាប់ជាមួយប្រទេសម៉ិចស៉ីកូជាអចិន្ត្រៃយ៍តែម្ដងក្នុងករណីចំបាច់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សារវាងឆ្មំាព្រំដែន និងជនអន្តោប្រវេសន៍៕