(តែលអាវីល)៖ កងកម្លាំងទ័ពអាកាសអ៉ីស្រាអែល (IAF) បានទទួលយន្ដហោះចម្បាំងបំបាំងកាយ F-35 ថ្លៃជាងគេនៅលើ ពិភពលោក ០២គ្រឿងបន្ថែមទៀតពីសហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅ ដែលធ្វើឱ្យ IAF មានយន្ដហោះចម្បាំងទំនើបប្រភេទនេះកើនដល់ ១៤គ្រឿង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
កងកម្លាំងទ័ពអាកាសអ៉ីស្រាអែល ទទួលបានយន្ដហោះ F-35 ពីរគ្រឿងជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៦។ មួយវិញទៀតអ៉ីស្រាអែលក៏ជាប្រទេសតែមួយគត់ នៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ ដែលធ្វើប្រតិបត្តិការយន្ដហោះចម្បាំង F-35 ហើយគ្រោងដាក់ ឱ្យប្រើប្រាស់ចម្បាំងអាមេរិកមួយនេះ ជាផ្លូវការក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានប្រើប្រាស់យន្ដហោះចម្បាំង F-35 នៅក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ជាលើកដំបូងនៅប្រទេសស៉ីរី កាលពីខែឧសភា កន្លងទៅ។ F-35 គឺជាយន្ដហោះចម្បាំងថ្លៃជាងគេបំផុតនៅលើពិភពលោកដោយវាមានតម្លៃមួយគ្រឿងលើសពី ១០០លានដុល្លារអាមេរិក។ យន្ដហោះចម្បាំង F-35 គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin ហើយវាមានបីប្រភេទទៀតគឺ F-35A, F-35B និង F-35C។ សម្រាប់តម្លៃវិញគឺខុសគ្នាតិចតួចប៉ុណ្ណោះ ទៅតាមការបំពាក់ចំណុចពិសេសៗរៀងៗខ្លួន ទៅលើប្រភេទយន្តហោះចម្បាំងនិមួយៗ៕