(រីយ៉ាដ)៖ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យទម្លាក់ថ្លៃប្រេង អារ៉ាប៊ីសាអូឌីតបានបង្កើនការផលិតប្រេងរបស់ខ្លួនក្នុងខែវិច្ឆិកានេះ ដល់កម្រិតខ្ពស់បំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
កម្រិតនៃការផលិតប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតក្នុងខែវិច្ឆិកានេះ ត្រូវគេរាយការណ៍ថា បានកើនដល់ ១១.១ ទៅ ១១.៣លានបារ៉ែលក្នុងមួយថ្ងៃៗ ដែលវាស្មើនឹងកំណើនកន្លះលានបារ៉ែលក្នុងមួយថ្ងៃ ធៀបនឹងខែតុលាកន្លងទៅ និងជាង ១ លានបារ៉ែលធៀបនឹងអំឡុងដើមឆ្នាំ២០១៨ ស្របពេលដែលសមាជិកនៃអង្គការ OPEC នាំគ្នាកាត់បន្ថយការផលិត។
ទន្ទឹមនឹងនេះកិច្ចប្រជុំ OPEC មួយ ដែលនឹងមានការពិភាក្សាអំពីមធ្យោបាយ ដើម្បីដោះស្រាយការធ្លាក់ថ្លៃប្រេងនោះ នឹងប្រព្រឹត្តទៅបន្ទាប់ពីបណ្តាថ្នាក់ដឹកនាំ នៃប្រទេសផលិតប្រេងឈានមុខលើពិភពលោក ដូចជាប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាម៉េដ ប៊ិនសាល់ម៉ាន់ (Mohammed bin Salman) និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើដំណើរទៅអាហ្សង់ទីន ដើម្បីចូលរួមកិច្ចប្រជុំ G20 នាសប្តាហ៍នេះ ប៉ុន្តែអារ៉ាប៊ីសាអូឌីតត្រូវគេរំពឹងថានឹងមិនកាត់បន្ថយការផលិតឡើយ។
សហរដ្ឋអាមេរិក ដែលពុំមែនជាសមាជិក OPEC បានទទូចមិនឲ្យ OPEC កាត់បន្ថយការផលិតប្រេងឡើយ។ លោក ត្រាំ បានស្នើហើយស្នើទៀតឲ្យអារ៉ាប៊ីសាអូឌីត ជួយរក្សាថ្លៃប្រេងឲ្យនៅទាប ហើយព្រះអង្គម្ចាស់ Mohammed bin Salman ត្រូវគេរាយការណ៍ថា មិនចង់មានការប្រឈមមុខដាក់គ្នាលើអ្វីមួយ ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ រួមទាំងបញ្ហាថ្លៃប្រេងជាដើម ខណៈដែលលោក ត្រាំ បានជំទាស់ចំពោះការស្នើឲ្យដាក់ទណ្ឌកម្មលើទីក្រុងរីយ៉ាដ ជុំវិញករណីឃាតកម្មអ្នកកាសែតអាមេរិក Washingon Post លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi)។
គួរជម្រាបថា ទីក្រុងរីយ៉ាដបានយល់ព្រមបង្កើនការផលិតប្រេងរបស់ខ្លួន កាលពីខែមិថុនា ដើម្បីឆ្លើយតបចំពោះការអំពាវនាវពីអតិថិជនដូចជា សហរដ្ឋអាមេរិក និងឥណ្ឌា ដើម្បីជួយកាត់បន្ថយថ្លៃប្រេង និងដោះស្រាយបញ្ហាកង្វះខាតការផ្គត់ផ្គង់បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ ដែលអ្នកផលិតប្រេងធំទីបីនៅ OPEC៕