(ប៊ុយណូសអ៊ែរែស)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានស្នើឲ្យអាហ្សង់ទីនប្រើច្បាប់ចែងពីឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីស៊ើបអង្កេតលើទំនាក់ទំនង នៃព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ិនសាល់ម៉ាន់ (Mohammed bin Salman) នៅក្នុងបទល្មើសប្រឆាំងមនុស្សជាតិ ដែលអាចកើតមាននៅប្រទេសយេម៉ែន និងការធ្វើឃាតអ្នកកាសែត ចាម៉ាល់ ខានហូកជី (Jamal Khashoggi)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
រដ្ឋធម្មនុញ្ញនៃប្រទេសអាហ្សង់ទីន ទទួលស្គាល់គោលការណ៍នៃដែនសមត្ថកិច្ចសកលសម្រាប់ឧក្រិដ្ឋកម្មសង្រ្គាម និងការធ្វើទារុណកម្ម ដូច្នេះហើយអាជ្ញាធរយុត្តិធម៌អាហ្សង់ទីន មានសិទ្ធិធ្វើការស៊ើបអង្កេត និងកាត់ទោសបទល្មើសប្រភេទនេះដោយមិនខ្វល់ថា ទង្វើទាំងនោះបានកើតឡើងនៅទីណា អ្នកណាជាអ្នកប្រព្រឹត្ត ឬក៏ជនរងគ្រោះជាជនជាតិអ្វីនោះឡើយ។
បើតាមការបញ្ជាក់ពីអង្គការ HRW ការជ្រើសរើសយកប្រទេសអាហ្សង់ទីនបែបនេះ គឺដោយសារតែព្រះអង្គម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីតអង្គនេះ នឹងត្រូវយាងចូលរួមពិធីបើកកិច្ចប្រជុំកំពូលនៃប្រទេសសេដ្ឋកិច្ចធំៗ G20 ក្នុងសប្តាហ៍នេះនៅឯរដ្ឋធានីប៊ុយណូសអ៊ែរែស (Buenos Aires) របស់អាហ្សង់ទីនផ្ទាល់។
គួរជម្រាបថា ករណីឃាតកម្មលើលោក Khashoggi នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទឹកដីប្រទេសតួកគី កាលពីដើមខែតុលា បានធ្វើឲ្យទំនាក់ទំនងអារ៉ាប៊ីសាអូឌីតនិងលោកខាងលិចមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងបានធ្វើឲ្យអាប់ឱនព្រះកិត្តិនាមរបស់ទ្រង់ជាខ្លាំងនៅលើឆាកអន្តរជាតិ។
ជុំវិញសង្រ្គាមនៅយេម៉ែន បណ្តាប្រទេសលោកខាងលិច កំពុងអំពាវនាវឲ្យក្រុមយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បិទបញ្ចប់ប្រតិបត្តិដែលចាប់ផ្តើមឡើងដោយព្រះអង្គម្ចាស់ Mohammed bin Salman ខណៈដែលវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរទៅៗ៕