(ការ៉ាកាស់)៖ អង្គការ​សហប្រជាជាតិ (UN) នាថ្ងៃចន្ទ​សប្តាហ៍នេះ​បានប្រកាសផ្តល់​ជំនួយ​ផ្នែកសុខាភិបាល និងអាហា​រូបត្ថម្ភ​ដែលមានទំហំទឹកប្រាក់ ៩.២លានដុល្លារ សម្រាប់ប្រទេសវេណេស៊ុយអេឡា ដែលប្រជាជនកំពុងជួបប្រទះ​ភាព​អត់ឃ្លានព្រម​ទាំងជំងឺឈឺថ្កាត់​ផ្សេងៗ នៅចំពោះមុខ​ការដួលរលំនៃប្រព័ន្ធ​សេដ្ឋកិច្ច​បែបសង្គមនិយម​​ នៃប្រទេស​​អាមេរិក​ឡាទីនមួយនេះ។ នេះបើ​តាមការដកស្រង់ការ​ផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជំនួយខាងលើ​គឺជាការផ្តល់មូលនិធិ​សង្រ្គោះបន្ទាន់​ លើកដំបូងបំផុត​របស់ UN សម្រាប់រដ្ឋាភិបាល​លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាអ្នកទម្លាក់កំហុសនៃបញ្ហា​សេដ្ឋកិច្ចក្នុងប្រទេស​របស់លោក ទៅលើការដាក់​ទណ្ឌកម្មហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក ព្រមទាំង​អ្វីដែលលោក ម៉ាឌូរ៉ូ ហៅថាជា «សង្រ្គាមសេដ្ឋកិច្ច» ដែលបង្កឡើង​ដោយ​គូប្រជែង​ផ្នែក​​នយោបាយ​។

ក្រុមអ្នករិះគន់​រដ្ឋាភិបាល បានសាទរការ​សម្រេចចិត្តរបស់ UN ជា​ការ​ទទួល​ស្គាល់មួយ ​របស់​រដ្ឋាភិបាល​​វេណេ​ស៊ុយ​អេឡាថា ប្រទេសនេះ​ពិតជាកំពុងប្រឈម​នឹងវិបត្តិមនុស្សធម៌​ធ្ងន់ធ្ងរប្រាកដមែន ខណៈ​ដែលកន្លងមក លោក ម៉ាឌូរ៉ូ តែងតែ​បានប្រកែក ហើយវាគឺជា​ជំហានមួយឆ្ពោះ​ទៅរកការគិតគូរ​អំពីប្រជាជន​វេណេស៊ុយអេឡា ដែលមិនទទួល​​បាន​​ផ្តល់​សេវា​មូលដ្ឋាននានា​ផងដែរ។ យ៉ាងណាមិញ អ្នកខ្លះទៀត​នៅតែមានក្តី​ព្រួយបារម្ភថា ជំនួយនេះអាច​នឹងបម្រើ​អំពើ​ពុករលួយ​នៅក្នុងរដ្ឋាភិបាលវេណេស៊ុយអេឡា​ទៅវិញទេ។

គួរជម្រាបថា រហូតមកទល់​ពេលនេះ ជំនួយពាក់ព័ន្ធនឹងវិបត្តិ​វេណេស៊ុយអេឡា គឺបានផ្តោតទៅ​លើប្រទេសនៅតំបន់​​​អាមេរិកខាងត្បូង ដែល​បានទទួល​ឲ្យជ្រកកោនជនភៀស​ខ្លួន​ប្រមាណជាង ៣លាននាក់ ដែលបាន​ចាក​ចេញ​ពីប្រទេស​វេណេស៊ុយអេឡា​ចាប់តាំងពីឆ្នាំ២០១៥ មក៕