(វ៉ាស៊ីនតោន)៖ មេបញ្ជាការយោធាអាមេរិកមួយរូប បានឲ្យដឹងនាថ្ងៃចន្ទសប្តាហ៍នេះថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក លែងធ្វើការហោះហើរបង្ហាញសាច់ដុំ នៅលើឧបទ្វីបកូរ៉េទៀតហើយ បន្ទាប់ពីកូរ៉េខាងត្បូងបានស្នើសុំឲ្យផ្អាកការធ្វើសកម្មភាពនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមលោក ឆាឡែស ប្រោន (Charles Brown) ដែលជាអគ្គមេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក ការផ្អាកសកម្មភាពហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកនេះ គឺក្នុងគោលបំណងជួយដល់កិច្ចប្រឹងប្រែងតាមផ្លូវការទូត ដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរនៃប្រទេសកូរ៉េខាងជើង។
គួរជម្រាបថា ក្នុងផ្នែកនៃបេសកកម្មឈ្មោះថា Continuous Bomber Presence Mission ទ័ពអាកាសអាមេរិកបានបន្តរក្សាវត្តមាន យន្តហោះទម្លាក់គ្រាប់បែកធុន B-1B, B-52, និង B-2 នៅលើកោះហ្គាំ (Guam) ក្នុងដែនសមុទ្រប៉ាស៊ីហ្វិក ចាប់តាំងតែពីឆ្នាំ២០០៤ មកម្ល៉េះ។
ទីក្រុងវ៉ាស៊ីនតោនជារឿយៗបានបញ្ជូនយន្តហោះទាំងនោះ ឲ្យធ្វើការហោះហើរជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលី ក្រោមរូបភាពជាការហ្វឹកហ្វឺនក៏ដូចជាការបង្ហាញសាច់ដុំនៃកម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើង ព្រមទាំងគូបដិបក្ខដទៃៗទៀត។
ម៉្យាងវិញទៀត ចាប់តាំងតែពីមានកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត នៅប្រទេសសិង្ហបុរី កាលពីខែមិថុនា រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានសម្រេចផ្អាក ក៏ដូចជាបង្រួមទំហំនៃការធ្វើសមយុទ្ធយោធារួមមួយចំនួនរបស់សម្ព័ន្ធមិត្តទាំងពីរផងដែរ៕