(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក រី យ៉ុងហូ (Ri Yong Ho) ត្រូវបាន​គេរាយការណ៍ថា នឹងបំពេញដំណើរ​ទស្សនកិច្ចមួយ​ទៅទីក្រុងហាណូយ​នៅក្នុងខែវិច្ឆិកា​នេះ ដើម្បីរៀនសូត្រ​ពីគំរូនៃការធ្វើកំណែ​ទម្រង់សេដ្ឋកិច្ចពី​វៀតណាម។ ប៉ុន្តែ​ទណ្ឌកម្ម

អន្តរជាតិដឹកនាំ​ដោយសហរដ្ឋអាមេរិក​នាពេលបច្ចុប្បន្ន នឹងបង្កឧបសគ្គ​ដល់កូរ៉េខាងជើង​ ក្នុងការដើរតាមជំហាន​របស់​វៀតណាម។

* ហេតុអ្វីបាន​ជាកូរ៉េខាងជើង​​ចង់បាន គំរូធ្វើកំណែទម្រង់សេដ្ឋកិច្ច​តាម​វៀតណាម?

វៀតណាម​គឺជាប្រទេស​ដែលទាក់ទាញ​ការវិនិយោគ​ពីបរទេស ដើម្បីសម្រេចគោលដៅ​អភិវឌ្ឍសេដ្ឋកិច្ចរបស់​ខ្លួន។ ចាប់តាំងពីកម្ម​វិធីកំណែទម្រង់​សេដ្ឋកិច្ច «Doi Moi» ឬ «បើកចំហទ្វារ» ត្រូវបានដាក់ឱ្យប្រើប្រាស់​ដោយរដ្ឋាភិបាល​ទីក្រុង​ហាណូយ សេដ្ឋកិច្ចវៀតណាម​ត្រូវបានគេមើលឃើញថា មានកំណើនជា​បន្តបន្ទាប់ រហូតដល់សម្រេច​បាននូវកំណើន​ខ្ពស់​នៃផលិតផលក្នុងស្រុក​សរុប ដែលជាប់ចំ​ណាត់ថ្នាក់លេខ ៣ នៅអាស៉ី។ នេះបើតាមសារព័ត៌មាន Financial Times។

ការចំរីកចំរើន​យ៉ាង​ឆាប់រហ័សនេះឯង ដែលទំនងជាគំរូល្អ​មួយសម្រាប់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលអ្នកដឹកនាំ​មា្នក់មានគំនិតធ្វើ កំណែទម្រង់សេដ្ឋកិច្ចខ្លាំង​ជាងមេដឹកនាំ​កូរ៉េខាងជើងមុនៗ។ ម្យ៉ាងវិញទៀត បើតាមលោក យ៉ាង ម៉ាន់ស៊ូ (Yang Mun-su) ជា​សាស្ត្រាចារ្យមក​ពីសាកលវិទ្យាល័យក្នុង​ទីក្រុងសេអ៊ូល ក៏បានសន្និដ្ឋាន​ដែរថា កូរ៉េខាងជើងនឹង​ទទួលយកគំរូសេដ្ឋកិច្ច​វៀតណាមដឹកនាំ​ដោយ បក្សកុម្មុយនីស្ដ​ដូចគ្នា ព្រោះវាអាចជួយពង្រឹងអំណាច​ផង និងអាចជួយ​ដល់កំណើន​សេដ្ឋកិច្ច​ផង។

* តើកូរ៉េខាងជើង​អាចនឹងក្លាយ​ជាប្រទេសវៀតណាមទី ២ ឬទេ?

សំណួរមួយនេះគេពិបាក​នឹងឆ្លើយទៅរួចណាស់ ដ្បិតបច្ចុប្បន្ន​កូរ៉េខាងជើង កំពុងជាប់ទណ្ឌកម្ម​សេដ្ឋកិច្ចពីសំណាក់អន្តរជាតិ ជាពិសេសគឺ​សហរដ្ឋអាមេរិក។ ទណ្ឌកម្មទាំងនេះ​ឯងនឹងបង្កជាឧបសគ្គដល់​ទីក្រុងព្យុងយ៉ាង ក្នុងការដើរតាម​គំរូសេដ្ឋកិច្ច
វៀតណាម។ លើសពីនេះ​ទៅទៀត ដោយសារតែទណ្ឌកម្ម​ទាំងនេះទៀតសោត បានធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាងជើង​មានកំណើន​ត្រឹមតែ ១ភាគរយ​ប៉ុណ្ណោះ ខណៈសេដ្ឋកិច្ច​វៀតណាមមានកំណើន ៧ភាគរយក្នុងមួយឆ្នាំ និងដើរហួស​កូរ៉េខាងជើង​ឆ្ងាយពេក​ទៅហើយ។ នេះបើតាម​ធនាគារកណ្ដាល​កូរ៉េខាងត្បូង។

តែទោះជាយ៉ាង​ណាក៏ដោយ អ្នកជំនាញដូចជា​លោក Yang Mun-su បានបង្ហាញការយល់​ឃើញថា បើកូរ៉េខាងជើងធ្វើកំណែទម្រង់​តាមវៀតណាម​មែននោះ ភូមិសាស្ត្រ​នយោបាយនៅក្នុង​ប្រទេស​កូរ៉េខាងជើង និងតំបន់ទាំងមូលអាចនឹងត្រូវផ្លាស់ប្ដូរ ពីព្រោះដើម្បី​ធ្វើដូច្នេះបាន​ទីក្រុងព្យុយ៉ាងត្រូវតែបើកចំហជើងមេឃ និងបោះចោល​អាវុធនុយក្លេអ៊ែរ​ ដើម្បីរួចផុតពីទណ្ឌកម្ម​សេដ្ឋកិច្ចជាមុនសិន៕