(ញូយ៉ក)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានព្រមានរុស្ស៊ីថាសកម្មភាពរំលោភបំពានលើច្បាប់ដូច ជាការរឹបអូសទូកអ៊ុយក្រែននៅឯសមុទ្រ Azov នៃតំបន់ឧបទ្វីបគ្រីមៀ នឹងរារាំងមិនឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូមាន ទំនាក់ទំនងជាប្រក្រតីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅឯកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley បាននិយាយថា សហរដ្ឋអាមេរិកពិតជាចង់មានទំនាក់ទំនងជាធម្មតាឡើងវិញជាមួយរុស្ស៊ី ក៏ប៉ុន្តែទង្វើក្រៅច្បាប់របស់រុស្ស៊ីមិន អាចឱ្យបំណងនេះសម្រេចទៅរួចឡើយ។ ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោយ ឆ្មាំសមុទ្ររុស្ស៊ីបើកការបាញ់ប្រហារ និងរឹបអូសទូកអ៊ុយក្រែនចំនួន៣គ្រឿង ដោយចោទថាបានចូលក្នុងដែនទឹករបស់ខ្លួនដោយ ខុសច្បាប់។
ជុំវិញភាពតានតឹងនេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថាលោកមិនសប្បាយចិត្ត ទាល់តែសោះចំពោះស្ថានភាពបច្ចុប្បន្នរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយថារដ្ឋាភិបាលអឺរ៉ុបគួរតែដោះស្រាយបញ្ហានេះ។ ចំណែកឯ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ក៏បានថ្កោលទោសសកម្មភាពរបស់រុស្ស៊ីដែលលោកផ្ទាល់ហៅថាជាទង្វើ ឈ្លានពាន និងអំពាវនាវឱ្យទីក្រុងម៉ូស្គូដោះលែងក្រុមនាវិក និងទូកអ៊ុយក្រែនចំនួនបីគ្រឿងវិញផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ សភាអ៊ុយក្រែនបានបោះឆ្នោតគាំទ្រច្បាប់អាជ្ញាសឹកមានរយៈពេល៣០ថ្ងៃ នៅឯតំបន់ព្រំដែន របស់ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ហើយ។ រីឯរុស្ស៊ីវិញក៏បានព្រមានដែរថានឹងចាត់វិធានការឆ្លើយតប ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ស្របពេលក្រុមអ្នកជំនាញមួយចំនួនព្រួយបារម្ភថាជម្លោះនេះអាចនឹងទាញឱ្យរុស្ស៊ី និងអង្គការណាតូប្រឈមមុខដាក់គ្នាកាន់តែខ្លាំង៕