(អាមេរិក)៖ នៅមុននេះប៉ុន្មានម៉ោង (ពេលវេលាលើផែនដី) យានរុករកផ្ទៃក្នុងភពអង្គារ InSight របស់អង្គការ NASA បានធ្វើការចុះចតដោយជោគជ័យហើយ នៅលើផ្ទៃភពព្រះអង្គារ បន្ទាប់ពីការផ្សងគ្រោះថ្នាក់អំឡុងពេលនៃការព្យាយាមចុះចតតែ ៧ ទៅ ១០នាទីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ វែបសាយរបស់អង្គការ NASA នាព្រឹកថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
តំបន់ថ្មីដែលយាន InSight ធ្វើការចុះចតនោះ គឺមានឈ្មោះថា Elysium Planitia ដែលជាតំបន់ជ្រលងមួយនៅលើភពព្រះអង្គារ ដើម្បីបំពេញបេសកកម្មរយៈពេល ០២ឆ្នាំ តាមការគ្រោងទុក។ បន្ទាប់ពីការចុះចតជោគជ័យនោះ យាន InSight ក៏បានបញ្ជូនរូបភាពមួយចំនួនពីផ្ទៃភពអង្គារ មកកាន់ក្រុមការងារអង្គការ NASA ផងដែរ រួមទាំងរូបភាព Update មួយចំនួន ដែលត្រូវបានថតដោយផ្កាយរណបភ្លោះ ដែលផ្តាច់ចេញពីយាន InSight នោះគឺ MarCo CubeSats។
គួរបញ្ជាក់ថា InSight បានចុះទៅជាន់ដល់លើផ្ទៃរបស់ Mars នាវេលាម៉ោងប្រហែល ០៣៖០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅកម្ពុជា) ក្រោយការធ្វើដំណើរសរុបចម្ងាយ ៤៨០លានគីឡូម៉ែត្រពីផែនដី។
បើតាមក្រុមការងារបេសកកម្ម InSight ក្នុងរយៈពេល ០២ម៉ោង មុនមុជចូលក្នុងបរិយាកាសរបស់ Mars គឺមានការបញ្ជូនកូដមួយចំនួនទៀតទៅឲ្យវាជាលើកចុងក្រោយ ដែលបានជួយនាំផ្លូវយានអវកាសនេះ ឲ្យធ្វើការចុះចតដោយជោគជ័យ ហើយក្រោយពីនោះអ្វីៗផ្សេងទៀត ត្រូវបានប្រព្រឹត្តទៅក្រោមការបញ្ជាដោយស្វ័យប្រវតិ្ត នៅលើយាន InSight ផ្ទាល់។
InSight បានប្រើប្រាស់ខែលពិសេសមួយ ដើម្បីទប់ទល់កម្តៅប្រមាណ ១,៥០០អង្សាសេ នៅពេលវាទម្លាក់ខ្លួនជាមួយល្បឿនជិត ២០,០០០គីឡូម៉ែត្រក្នុងមួយម៉ោងឆ្លងកាត់បរិយាកាសភពអង្គារ។ ក្រោយមកទៀត វាបានប្រើឆ័ត្រយោងដើម្បីបន្ថយល្បឿន រួចផ្តាច់ខ្លួនចេញពីខែលការពារកម្តៅ។ ពេលនោះ InSight បានចាប់ផ្តើមបញ្ចេញជើងទម្រទាំងបីរបស់វា ហើយផ្តាច់ឆ័ត្រយោងចោល និងបញ្ឆេះរ៉ុក្កែតទប់ល្បឿន ដើម្បីធ្វើការចុះចតដោយសន្សឹមៗនៅតំបន់ Elysium Planitia នៃ Mars ដោយជោគជ័យតែម្តង។
នៅពេលវាបានចុះទៅដល់ដោយសុវត្ថិភាពហើយនោះ InSight បានលាតផ្ទាំងសូឡា ហើយបញ្ចេញដៃរ៉ូបូតរបស់វា។ មិនដូចទៅនឹងយានប្រភេទ Rover របស់ NASA ឡើយ InSight គឺជាប្រភេទ Lander ជាយានដែលរចនាឡើង ដើម្បីសិក្សាភពមួយទាំងមូល តែវានឹងស្ថិតនៅតែមួយកន្លែងប៉ុណ្ណោះ។ យាន InSight ជាយានទី ៧ របស់អង្គការ NASA ដែលបានជាន់ដីភពអង្គារ ដោយជោគជ័យ៕