(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តចុះហត្ថលេខាលើច្បាប់អាជ្ញាសឹក ហើយ បន្ទាប់ពីទូកអ៊ុយក្រែនបីគ្រឿង ត្រូវបានឆ្មាំសមុទ្ររុស្ស៉ីរឹបអូសនៅឯតំបន់សមុទ្រនៃឧបទ្វីបគ្រីមៀ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ច្បាប់អាជ្ញាសឹកនេះនឹងត្រូវអនុវត្តសម្រាប់រយៈពេល២ខែ។ ប៉ុន្តែ មុននឹងត្រូវចូលជាធរមាន ទាល់តែមានការអនុម័តពីសភា អ៊ុយក្រែនជាមុនសិន ហើយគេក៏រំពឹងដែរថាក្រុមតំណាងរាស្ត្រអ៊ុយក្រែននឹងអនុម័តលើការប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកក្នុង ពេលឆាប់ៗនេះ។
គួរជម្រាបថា ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទីក្រុងម៉ូស្គូចោទថា ទូកអ៊ុយក្រែនបីគ្រឿងបានចូលក្នុងតំបន់ដែនទឹករបស់ខ្លួនដោយខុសច្បាប់។ លើសពីនេះទៅទៀត អាជ្ញាធរអ៊ុយក្រែនក៏បានអះអាងដែរថា ទូកប្រដាប់ដោយកាំភ្លើង ០២គ្រឿង និងទូកល្បាតធម្មតាមួយគ្រឿងត្រូវបានភាគីរុស្ស៊ីរឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួនបានរងរបួស ដោយការបាញ់ប្រហារពីភាគីរុស្ស៊ី។
ប្រទេសទាំងពីរបានបន្ទោស និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ខណៈនៅថ្ងៃចន្ទនេះសមាជិកសភាអ៊ុយក្រែននឹងបោះឆ្នោតសម្រេចថា តើត្រូវប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក ឬក៏យ៉ាងណា ស្របពេលភាគីរុស្ស៊ីក៏បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិជាបន្ទាន់៕