(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរអាមេរិក បានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងជនអន្តោប្រវេសន៍ ដែលព្យាយាម ឆ្លងព្រំដែនដោយខុសច្បាប់ពីទីក្រុង Tijuana នៃប្រទេសម៉ិចស៉ីកូ ចូលមកកាន់សហរដ្ឋអាមេរិក៕
២៖ អាជ្ញាធរវៀតណាមបានឱ្យដឹងថា ព្យុះទីហ្វុងយូសាជិ (Usagi) ដែលបាននិងកំពុងវាយប្រហារតំបន់ភាគខាងត្បូងនៃប្រទេស ជាមួយការបង្កជាគ្រោះរអិលបាក់ដី និងបានផ្ដាច់យកជីវិតមនុស្សម្នាក់ ព្រមទាំងបំផ្លាញផ្លូវថ្នល់ ទូកនានា ព្រមទាំងផ្ទះសម្បែងប្រជាជនរាប់សិបខ្នង៕
៣៖ ក្រុមបាតុករអ៊ុយក្រែនជាច្រើននាក់ បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងគៀវ ដើម្បីសម្ដែងការតវ៉ាប្រឆាំងនឹងទីក្រុងម៉ូស្គូ ដែលបានរឹបអូសទូកអ៊ុយក្រែនចំនួន ០៣គ្រឿង ក្រោយមានការបះទង្គិចគ្នានៅឯដែនសមុទ្រនៃឧបទ្វីបគ្រីមៀ៕
៤៖ តំបន់ព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់ បានទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៣រ៉ិចទ័រ ដែលបង្កឲ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស៕
៥៖ រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌាលោក សួរែស ប្រាពូ (Suresh Prabhu) បានលើកឡើងថា អង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវការកំណែទម្រង់ឡើងវិញ ប៉ុន្តែមិនគួរត្រូវរំសាយចោលជាដាច់ខាត៕
៦៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានជម្រុញឱ្យប៉ាគីស្ថានចាត់វិធានការ និងធ្វើសកម្មភាពប្រឆាំងនឹងអ្នកទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មក្នុងទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌាកាលពីឆ្នាំ២០០៨ ជាមួយការសន្យាថា នឹងផ្ដល់ប្រាក់រង្វាន់ ០៥លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការចាប់ខ្លួនភេរវករទាំងនោះ៕