(អ៊ីស្តង់ប៊ុល)៖ នាយទាហានយ៉ាងតិច ០៤នាក់បានស្លាប់ និងម្នាក់ទៀតស្ថិតក្នុងការសង្រ្គោះបន្ទាន់ បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់ចំ ទីប្រជុំជនក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមរូបភាពបង្ហាញពីហេតុការណ៍គ្រោះថ្នាក់ខាងលើ ឧទ្ធម្ភាគចក្រនោះបានធ្លាក់ទៅលើដងផ្លូវមួយខ្សែ ដែលសម្បូរទៅដោយលំនៅឋានក្នុងសង្កាត់ សាន់ខេកតេផេ (Sancaktepe) នៃតំបន់មានជនជាតិអាស៊ីរស់នៅច្រើន ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ បើតាមសេចក្តីថ្លែងការណ៍របស់អភិបាលក្រុង ឧទ្ធម្ភាគចក្រយោធាបានធ្លាក់ ក្នុងអំឡុងពេលធ្វើការហ្វឹកហ្វឺនមួយ។
គួរជម្រាបថា ជុំវិញករណីខាងលើ ឧទ្ធម្ភាគចក្រដែលពុំច្បាស់ថា ជាធុនអ្វីនេះ ត្រូវគេរាយការណ៍ថា បានធ្លាក់បន្ទាប់ពីប៉ះជាមួយដំបូលអគារមួយខ្នង ស្របពេលព្យាយាមធ្វើការចុះចតនៅលើផ្លូវ ដោយសារតែមានបញ្ហា៕