(វែលីងតោន)៖ ត្រីបាឡែនរហូតដល់ ១៤៥ក្បាល បានងាប់នៅតំបន់ដាច់ឆ្ងាយមួយ លើកោះភាគខាងត្បូងប្រទេសនូវែលសេឡង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
សាកសពត្រីបាឡែនទាំងនេះត្រូវគេប្រទះឃើញ កាលពីយប់ថ្ងៃអាទិត្យ ដោយពួកវាបានជាប់គាំងនៅលើកោះ ស្ទេវ៉ាដ (Steward) ដែលជាកោះតូចមួយនៅភាគខាងត្បូងនូវែលសេឡង់។ នៅពេលប្រទះឃើញ គឺពាក់កណ្តាលនៃពួកវាបានងាប់បាត់ទៅហើយ តែដោយសារការមើលឃើញស្ថានភាពជាក់ស្តែង នៃត្រីបាឡែនដែលនៅសេសសល់ បូករួមកត្តាបង្កការលំបាកដទៃទៀត អាជ្ញាធរនូវែលសេឡង់ ក៏បានសម្រេចសម្លាប់ត្រីបាឡែនដែលនៅសល់នោះចោលទាំងអស់តែម្តង កុំឲ្យពួកវានៅរងភាពវេទនាតទៀត។
គួរជម្រាបថា បើតាមការបញ្ជាក់ពីអាជ្ញាធរនូវែលសេឡង់ ហេតុការណ៍ជាប់គាំងនៃសត្វត្រីទាំងអស់នេះ គឺតែងកើតមានឡើងជាញឹកញយ ដោយជាមធ្យមមានប្រមាណ ៨៥ក្បាល ក្នុងមួយឆ្នាំ។ ដោយឡែក មូលហេតុដែលបណ្តាលឲ្យត្រីបាឡែន និងដូហ្វីនជាដើមនៅជាប់គាំងលើគោកបែបនេះ ពុំត្រូវបានគេដឹងច្បាស់ឡើយ ប៉ុន្តែគេអាចគិតពីកត្តាជាច្រើនរួមមានដូចជា ជំងឺ ការបម្លាស់ទីខុសបច្ចេកទេស សណ្ឋានទីតាំងភូមិសាស្រ្ត ការធ្លាក់ខ្យល់ខ្លាំង ការរងការតាមប្រមាញ់ពីត្រីដទៃទៀត ឬក៏ដោយសារអាកាសធាតុអាក្រក់ជាដើម៕