(កៀវ)៖ ក្រុមបាតុករអ៊ុយក្រែនជាច្រើននាក់ បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងគៀវ ដើម្បីសម្ដែងការតវ៉ាប្រឆាំងនឹងទីក្រុងម៉ូស្គូ ដែលបានរឹបអូសទូកអ៊ុយក្រែនចំនួន ០៣គ្រឿង ក្រោយមានការបះទង្គិចគ្នានៅឯដែនសមុទ្រនៃឧបទ្វីបគ្រីមៀ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមបាតុករប្រមាណ ១៥០នាក់ បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងកៀវ ដោយថែមទាំងដុតរថយន្ដមួយគ្រឿង ជាកម្មសិទ្ធិរបស់ស្ថានទូតរុស្ស៊ីទៀតផង។ «យើងបានប្រមូលផ្ដុំគ្នានៅថ្ងៃនេះ ដើម្បតវ៉ាប្រឆាំងនឹងទង្វើរបស់រុស្ស៊ីនៅថ្ងៃនេះ ជាពិសេសគឺការបាញ់ប្រហារលើយោធារបស់ពួកយើង... ហើយអ៊ុយក្រែនគួរតែកាត់ផ្ដាច់រាល់ទំនាក់ទំនងការទូតទាំងអស់ ជាមួយប្រទេស មួយនេះតាំងតែពីយូរណាស់មកហើយ»។ នេះគឺជាសម្ដីរបស់បាតុករម្នាក់។
គួរជម្រាបថា ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទីក្រុងម៉ូស្គូចោទថា ទូកអ៊ុយក្រែនបីគ្រឿងបានចូលក្នុងតំបន់ដែនទឹករបស់ខ្លួនដោយខុសច្បាប់។ លើសពីនេះទៅទៀត អាជ្ញាធរអ៊ុយក្រែនក៏បានអះអាងដែរថា ទូកប្រដាប់ដោយកាំភ្លើង ០២គ្រឿង និងទូកល្បាតធម្មតាមួយគ្រឿងត្រូវបានភាគីរុស្ស៊ីរឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួនបានរងរបួស ដោយការបាញ់ប្រហារពីភាគីរុស្ស៊ី។
ប្រទេសទាំងពីរបានបន្ទោស និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ខណៈនៅថ្ងៃចន្ទនេះសមាជិកសភាអ៊ុយក្រែនឹងបោះឆ្នោតសម្រេចថា តើត្រូវប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក ឬក៏យ៉ាងណា ស្របពេលភាគីរុស្ស៊ីក៏បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិជាបន្ទាន់៕