(ប៉េកាំង)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅព្រឹកថ្ងៃចន្ទនេះ ដោយបង្ករំញ័រដល់ខេត្ត ហ្វ៊ូចៀន (Fujian) ស្ថិតនៅភាគខាងកើតប្រទេសចិនថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីខាងលើបានបង្ករំញ័រដល់ទីក្រុងមួយចំនួននៃខេត្ត Fujian ដូចជាទីក្រុង ហ្វ៊ូចូវ (Fuzhou), ស៊ីមិន (Xiamen), ជីនជាំង (Jinjiang) និងទីក្រុង ណានអាន (Nan'an) ដោយបង្កឱ្យប្រជាជនរស់នៅតាមទីក្រុងទាំងនេះ មានការភិតភ័យជាខ្លាំង។ បន្ថែមពីលើនេះ វាក៏បានបង្ខំអាជ្ញាធរសម្រេចចិត្តពន្យារ ពេលចេញដំណើរនៃខ្សែរថភ្លើងជាង ៤០ខ្សែផងដែរ។
គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលបណ្ដាញតាមដានគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីខាងលើមានជម្រៅទៅក្នុងដី ២០គីឡូម៉ែត្រ ហើយស្ថិតនៅលើរយៈទទឹងខាងជើង ២៣.២៨ដឺក្រេ និងរយៈបណ្ដោយខាងកើត ១១៨.៦០ដឺក្រេ នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ចន្លោះចិនដីគោក និងកោះតៃវ៉ាន់៕