វៀតណាមសម្រេចយកខេត្តភាគកណ្តាល Binh Dinh ដើម្បីបម្រើជើងហោះហើរអន្តរជាតិរួមមានទៅកាន់ចិន កូរ៉េខាងត្បូង និងថៃជាដើម
26-11-2018 14:27
(ហាណូយ)៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងចាប់ផ្តើមដំណើរការជើងហោះហើរអន្តរជាតិចេញពីខេត្ត ប៊ិញឌិញ (Binh Dinh) ភាគកណ្តាលប្រទេស ឆ្ពោះទៅកាន់គោលដៅមួយចំនួនក្នុងតំបន់អាស៊ី រួមមានដូចជាចិន ជប៉ុន កូរ៉េខាងត្បូង និងថៃ នៅឆ្នាំក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងនោះរួមមានអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines ក្រុមហ៊ុនអាកាសចរណ៍ថ្នាក់កម្រិតថវិកា Vietjet Air និងអាកាសចរណ៍ Bamboo ដែលទើបបង្កើតថ្មី នឹងដំណើរការជើងហោះហើរអន្តរជាតិចាប់ពីឆ្នាំ២០១៩ តទៅចេញពីព្រលានយន្តហោះ ភូខេត (Phu Cat) នៃខេត្ត Binh Dinh ដែលក្នុងអំឡុងពេល ០៩ខែនៃឆ្នាំ២០១៨នេះ ទទួលបានការវិនិយោគសរុបប្រមាណ ៣.៤លានដុល្លារ។
គួរជម្រាបថា យោងតាមរបាយការណ៍ក្រសួងដឹកជញ្ជូនវៀតណាម កំណើនទីផ្សារវិស័យអាកាសចរណ៍ នៃប្រទេសអាស៊ាននេះនឹងមានអត្រា ១៦ភាគរយ ចាប់ពេលនេះរហូតដល់ឆ្នាំ២០២០៕