(ហាណូយ)៖ អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា ព្យុះទីហ្វុងយូសាជិ (Usagi) ដែលបាននិងកំពុងវាយប្រហារតំបន់ភាគខាងត្បូងនៃប្រទេស ជាមួយការបង្ក​ជាគ្រោះរអិល​បាក់ដី និងបានផ្ដាច់យកជីវិត​មនុស្សម្នាក់ ព្រមទាំងបំផ្លាញផ្លូវថ្នល់ ទូកនានា ព្រមទាំងផ្ទះសម្បែង​ប្រជាជនរាប់សិបខ្នង។ នេះ​បើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិន​ ស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​វៀតណាម ព្យុះទីហ្វុង Usagi បានវាយប្រហារ​តែតាំងពីថ្ងៃអាទិត្យ​មកម្ល៉េះ លើតំបន់ភាគខាងត្បូង​ប្រទេស​វៀតណាម រាប់ចាប់​ពីខេត្ត បារៀវង់តូ (Ba Ria Vung Tau) រហូតដល់ខេត្តប៊ិនត្រេ (Ben Tre) មុនក្លាយជា​ព្យុះត្រូពិច ក៏ដូចជាបានសម្លាប់​បុរសម្នាក់ នៅក្នុងទីក្រុង​ហូជីមីញ​ដោយសារដើម​ឈើរលំសង្កត់ ខណៈរូបគេកំពុង​ជិះម៉ូតូ​តាមផ្លូវ។

អាជ្ញាធរវៀតណាម​បានបញ្ជាក់ទៀតថា ព្យុះទីហ្វុង Usagi ក៏បានបំផ្លាញផ្ទះ ៥១ខ្នង ទូក ៤៦គ្រឿង និងបង្កជាគ្រោះ​រអិលបាក់ដី ព្រមទាំងភ្លៀង​ធ្លាក់ខ្លាំង ជន់លិចផ្ទៃដីដាំ​ដុះ ៧១៨ហិកតាផងដែរ ស្របពេលផ្លូវជាតិ​ប្រវែង ១.៥គីឡូម៉ែតរងការខូចខាត។ មិនតែ​ប៉ុណ្ណោះ ព្យុះទីហ្វុងនេះ ថែមទាំងបានបង្ខំ​សាលារៀនជាច្រើន​ក្នុងទីក្រុងហូជីមិញ និងខេត្តនិញធ័ន (Ninh Thuan) ត្រូវបិទទ្វារ​ជាបណ្ដោះអាសន្ន​នៅថ្ងៃចន្ទនេះ ដោយសារ​ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង។

គួររំលឹកថា កាលពី​ឆ្នាំ២០១៧ ព្យុះទីហ្វុងជាច្រើន​បានផ្ដាច់ជីវិត​មនុស្ស ៣៨៦នាក់នៅក្នុងប្រទេស​វៀតណាម និងបំផ្លាញផ្ទះ ៦០០,០០០ខ្នង ព្រមទាំងបង្កការ​ខូចខាតដល់សេដ្ឋកិច្ចជាតិ គិត​ជាទឹកប្រាក់ស្មើនឹង ២.៦ពាន់លានដុល្លារអាមេរិក៕