(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានជម្រុញឱ្យប៉ាគីស្ថាន ចាត់វិធានការនិងធ្វើសកម្មភាពប្រឆាំងនឹងអ្នកទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មក្នុងទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌាកាលពីឆ្នាំ២០០៨ ជាមួយការសន្យាថា នឹងផ្ដល់ប្រាក់រង្វាន់ ០៥លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការចាប់ខ្លួនភេរវករទាំងនោះ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការប្រកាសផ្ដល់ប្រាក់រង្វាន់ខាងលើ ធ្វើឡើងនៅចំពេលដែលឥណ្ឌាត្រូវប្រារព្ធខួប ១០ឆ្នាំ នៃការវាយប្រហារភេរវកម្មក្នុងទីក្រុង Mumbai កាលពីឆ្នាំ២០០៨ នៅថ្ងៃចន្ទនេះ។ លោក Pompeo បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ដូច្នេះថា «វាគឺជាការប្រមាថមួយដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ដែលកន្លងទៅ ១០ឆ្នាំ ទៅហើយ អ្នកទទួលខុសត្រូវលើការវាយប្រហារក្នុងទីក្រុង Mumbai នៅតែមិនទាន់ត្រូវបានយកមកកាត់ទោស... ហើយយើងសូមអំពានាវឱ្យបណ្ដាប្រទេសទាំងអស់ ជាពិសេសគឺប៉ាគីស្ថានអនុវត្តន៍កាតព្វកិច្ច នៅក្នុងក្រុមប្រឹក្សាសន្តិសុខ UN របស់ខ្លួន ក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងអ្នកដែលប្រព្រឹត្តអំពើព្រៃផ្សៃបែបនេះ»។
គួររំលឹកថា កាលពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ក្រុមភេរវករ Lashkar-e-Tayyiba មកពីប្រទេសប៉ាគីស្ថាន បានបើកការវាយប្រហារភេរវកម្ម ដោយផ្ដាច់ជីវិតមនុស្ស ១៦៦នាក់ និងរាប់រយនាក់ទៀតរងរបួសនៅក្នុងទីក្រុង Mumbai៕