(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នាពេលនេះបានធ្វើការរៀបចំចុងក្រោយនៅមុនពេលយាន InSight ធ្វើការចុះចតនៅលើផ្ទៃនៃភពអង្គារ (Mars)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
មុនពេល InSight ត្រូវចុះទៅជាន់ដល់លើផ្ទៃរបស់ Mars នាវេលាម៉ោងប្រហែល ០៣៖០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅកម្ពុជា) ក្រោយការធ្វើដំណើរសរុបចម្ងាយ ៤៨០លានគីឡូម៉ែត្រពីផែនដី NASA បានធ្វើការរៀបចំតម្រង់ទិសជាលើកចុងក្រោយទៅឲ្យវា ដើម្បីឲ្យ InSight ត្រៀមសំដៅឆ្ពោះទៅរកចំណុចគោលដៅ ដែលត្រូវទម្លុះចូលទៅក្នុងបរិយាកាសភពអង្គារ។
បើតាមក្រុមការងារបេសកកម្ម InSight ក្នុងរយៈពេល ០២ម៉ោង មុនមុជចូលក្នុងបរិយាកាសរបស់ Mars ក៏អាចមានការបញ្ជូនកូដមួយចំនួនទៀតទៅឲ្យវាជាលើកចុងក្រោយ ដើម្បីជួយនាំផ្លូវយានអវកាសនេះ ឲ្យធ្វើការចុះចតដោយជោគជ័យផងដែរ។ បន្ទាប់ពីនោះអ្វីៗផ្សេងទៀត នឹងត្រូវប្រព្រឹត្តទៅក្រោមការបញ្ជាដោយស្វ័យប្រវតិ្តនៅលើយាន InSight ផ្ទាល់។
InSight នឹងប្រើប្រាស់ខែលពិសេសមួយ ដើម្បីទប់ទល់កម្តៅប្រមាណ ១,៥០០អង្សាសេ នៅពេលវាទម្លាក់ខ្លួនជាមួយល្បឿនជិត ២០,០០០គីឡូម៉ែត្រក្នុងមួយម៉ោងឆ្លងកាត់បរិយាកាសភពអង្គារ។ ក្រោយមកទៀត វានឹងប្រើឆ័ត្រយោងដើម្បីបន្ថយល្បឿន រួចផ្តាច់ខ្លួនចេញពីខែលការពារកម្តៅ។ ពេលនោះ InSight ចាប់ផ្តើមបញ្ចេញជើងទម្រទាំងបីរបស់វា ហើយផ្តាច់ឆ័ត្រយោងចោល និងបញ្ឆេះរ៉ុក្កែតទប់ល្បឿន ដើម្បីធ្វើការចុះចតដោយសន្សឹមៗនៅតំបន់ Elysium Planitia នៃ Mars។
គួរជម្រាបថា សម្រាប់ពេលវេលាដែល InSight ត្រូវការដើម្បីចុះដល់លើផ្ទៃ Mars គឺប្រហែលត្រឹមតែ ១០នាទីប៉ុណ្ណោះ។ នៅពេលវាចុះទៅដល់ដោយសុវត្ថិភាពហើយនោះ InSight នឹងលាតផ្ទាំងសូឡា ហើយបញ្ចេញដៃរ៉ូបូតរបស់វា។ មិនដូចទៅនឹងយានប្រភេទ Rover របស់ NASA ឡើយ InSight គឺជាប្រភេទ Lander ជាយានដែលរចនាឡើង ដើម្បីសិក្សាភពមួយទាំងមូល តែវានឹងស្ថិតនៅតែមួយកន្លែងប៉ុណ្ណោះ៕