(សិង្ហបុរី)៖ រដ្ឋមន្រ្តីពាណិជ្ជកម្ម​ឥណ្ឌាលោក សួរែស ប្រាពូ (Suresh Prabhu) បានលើកឡើងថា អង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) ត្រូវការកំណែទម្រង់​ឡើងវិញ ប៉ុន្តែមិនគួរត្រូវរំសាយ​ចោលជាដាច់ខាត។ នេះបើតាមការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងក្នុងបទសម្ភាសន៍​មួយជាមួយសារព័ត៌មាន​សិង្ហបុរី Channel News Asia អ្នកនយោបាយ​ជើងចាស់ឥណ្ឌារូបនេះ​ ​​បានសង្កត់ធ្ងន់​យ៉ាងដូច្នេះថា «អវត្តមាន​នៃអង្គការ WTO នឹងជាគ្រោះមហន្តរាយ​​នៃវិស័យពាណិជ្ជកម្ម​ នៅលើពិភព​លោក​ទាំងមូល»។

គួរជម្រាបថា ការលើកឡើង​របស់លោក Prabhu ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតី​អាមេរិកលោក ដូណាល់​ ត្រាំ កាលពីខែសីហា​​ កន្លងទៅនេះ បានព្រមានដើរ​ចេញពី​អង្គការពាណិជ្ជកម្ម​អន្តរជាតិ ដែលមាន​សមាជិក ១៦៤ ប្រទេស ខណៈដែលមានការរិះគន់លេចឡើង ជុំវិញការធ្វើសង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និងប្រទេសចិន ដែលប្រទេសជាច្រើនអះអាងថា បាននិង​កំពុងធ្វើឲ្យ​ពិភពលោក​ទាំងមូលជួប​គ្រោះថ្នាក់៕