(តេហេរ៉ង់)៖ តំបន់ព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់ បានទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៣រ៉ិចទ័រ ដែលបង្កឲ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើស្ថិតនៅចម្ងាយ ១៦៣គីឡូម៉ែត្រ ភាគឦសានរដ្ឋធានីបាកដាដប្រទេសអ៊ីរ៉ាក់ និងប្រមាណ ២០គីឡូម៉ែត្រ ភាគនិរតីទីក្រុង សាផូល ហ្សាហាប (Sarpol Zahab) នៃប្រទេសអ៊ីរ៉ង់ដោយមានជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ សម្រាប់តួលេខនៃអ្នករងរបួសវិញ គឺមានសេចក្តីរាយការណ៍ខុសៗគ្នាដោយខ្លះថាត្រឹម ៤៥នាក់ ខ្លះទៀតថារហូតដល់ ២១០នាក់ និងមួយចំនួនទៀតថាមានរហូតដល់ ៣៦១នាក់ឯណោះ។
គួរជម្រាបថា ក្រោយរញ្ជួយដីខាងលើកើតឡើងភ្លាមៗ ហេតុការណ៍រំញ័រមានកម្រិតចាប់ពី ៣.៤ រហូតដល់ ៥.២រ៉ិចទ័រ យ៉ាងតិចចំនួន ១០ដងទៀតក៏បានកើតមានជាបន្តបន្ទាប់ផងដែរ។ កាលពីខែវិច្ឆិកាឆ្នាំទៅ ប្រជាជនអ៊ីរ៉ង់ ២១១នាក់ បានបាត់បង់ជីវិត ក្នុងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៣រ៉ិចទ័រ នៅតំបន់ព្រំដែនអ៊ីរ៉ង់-អ៊ីរ៉ាក់ស្រដៀងគ្នានេះឯង៕