(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសរសេរលិខិតមួយច្បាប់ទៅកាន់ប្រជាជនអង់គ្លេសទាំងអស់ ដោយអំពាវនាវឱ្យពួកគេគាំទ្រដល់កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬBrexit របស់លោកស្រី ខណៈបណ្ដាមេដឹកនាំ អឺរ៉ុបកំពុងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងលិខិតខាងលើដដែល លោកស្រី May ក៏បានសន្យាផងដែរថា កិច្ចព្រមព្រៀង Brexit របស់លោកស្រីនឹងជួយឱ្យ អង់គ្លេសមានអនាគតភ្លឺស្វាង ហើយថាការចាកចេញពីសហភាពអឺរ៉ុបនៅឆ្នាំក្រោយនេះ នឹងក្លាយជាពេលវេលាមួយដ៏សំខាន់ ក្នុងការផ្សះផ្សាប្រជាជាតិអង់គ្លេសទាំងមូល។
សូមជម្រាបថា ទន្ទឹមគ្នានឹងការអំពាវនាវរបស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស បណ្ដាមេដឹកនាំអឺរ៉ុបក៏កំពុងជួបប្រជុំគ្នាក្នុង ទីក្រុងព្រុចសែលដែរ ដើម្បីសម្រេចចិត្តថាតើគួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង Brexit របស់លោកស្រី May ឬក៏យ៉ាងណា ស្របពេលប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk ផ្ដល់អនុសាសន៍ឱ្យប្រទេសជាសមាជិកទាំងអស់អនុម័តលើកិច្ច ព្រមព្រៀងនេះ ដែលនឹងបើកផ្លូវឱ្យអង់គ្លេសលែងលះជាមួយសហភាពអឺរ៉ុប នៅខែមីនា ឆ្នាំ២០១៩។
តែបើទោះជាក្រុមមេដឹកនាំអឺរ៉ុបយល់ព្រមចុះហត្ថលេខាក៏ដោយ ក៏កិច្ចព្រមព្រៀង Brexit នៅតែចាំបាច់ត្រូវមានការអនុម័តពី សភាអង់គ្លេសជាមុនសិន នៅក្នុងបរិបទដែលសមាជិកសភាមួយចំនួនអះអាងថានឹងបោះឆ្នោតជំទាស់៕